(ភ្នំពេញ)៖ មុននឹងអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះបាន អ្នកជំងឺកូវីដ១៩នោះ ត្រូវឆ្លងកាត់ការវាយតម្លៃពីក្រសួងសុខាភិបាលជាមុនសិន។ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបង្ហាញពីតារាងវាយតម្លៃ មុនអនុញ្ញាត ឱ្យធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅផ្ទះតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា។

ការបង្ហាញតារាងវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួម រវាងក្រសួងសុខាភិបាល និងរដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកនេះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្ដការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺជំងឺកូវីដ១៩ កម្រិលស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ។

បើតាមការបញ្ជក់របស់ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា «យន្ដការដាក់ព្យាបាលតាមផ្ទះ សម្រាប់ជំងឺកូវីដ១៩នេះកម្រិតស្រាលនេះ គឺមានការគិតគូរយ៉ាងល្អិតល្អន់ណាស់ ជាមួយថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការដាក់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅតាមផ្ទះ ក្នុងរយៈពេលជិត២ខែមកនេះ បានសង្កេតឃើញថា ទទួលបានប្រសិទ្ធភាពល្អ»។

សូមជម្រាប់ថា រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចំនួន១០៣៣នាក់ហើយ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺប្រមាណ២៦៨នាក់ផងដែរ ដែលបានជាសះស្បើយ៕