(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពលរដ្ឋទាំង ១០សង្កាត់ក្រុងបាត់ដំបង ចំនួន១០ម៉ឺនដូស នៅតាមទីតាំងចំនួន ៨កន្លែង ជាជំហានៗ និងបន្តទៅចាក់នៅស្រុកផ្សេងៗទៀត ទូទាំងខេត្តរយៈពេល១ខែ រហូតទាល់តែអស់។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះ ធ្វើឡើងក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត អភិបាលរងខេត្ត លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរពាក់ព័ន្ធ ចៅសង្កាត់ទាំង១០ជាដើម។

បើតាមលោកឱសថបណ្ឌិត វឿង ប៊ុន រ៉េត បានឱ្យដឹងថា៖ «បន្ទាប់ពីបានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាលចំនួន១០ម៉ឺនដូសនេះ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង១០ នៃក្រុងបាត់ដំបង គឺយើងបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ហើយយុទ្ធនាការនេះ មានរយៈ១ខែ ចំពោះនៅតាមបណ្តាស្រុកផ្សេងៗទៀត នៃខេត្តបាត់ដំបង»

បន្ថែមពីនេះ លោក ងួន រតនៈ បានបន្តថា សម្រាប់រដ្ឋបាលខេត្តបាត់ដំបង បន្ទាប់ពីបានបើកយុទ្ធនាចាក់វ៉ាក់សាំងលើដំបូង ចាប់តាំងពី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ដោយបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបានចាក់ជូនមន្រ្តីរាជការដែលជាបុគ្គលមានអាទិភាព ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាជំហានៗ ជាបន្ទាប់រហូតមក បានជោគជ័យ។

លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «យោងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកន្លងមក រដ្ឋបាលខេត្តតែងតែបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដែលជាមន្ទីរជំនាញ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធ និងកងកម្លាំងគ្រប់ប្រភេទ បានចុះអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ជាបន្តបន្ទាប់នៅតាមគោលដៅនានា ដែលបានកំណត់រួចជាជំហានៗ ជាក់ស្តែងនៅថ្ងៃនេះ នឹងបន្តចាក់ជូនប្រជាពរដ្ឋរស់នៅក្រុងបាត់ដំបងមុនគេ ហើយនឹងត្រូវបន្តចាក់ជូនប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកផ្សេងៗទៀត នៃខេត្តបាត់ដំបងរហូតដល់អស់»

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយនាំអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ៗគ្នា៕