(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៤២នាក់។ តែក៏មានអ្នកជំងឺជាសះស្បើយ ២៥នាក់ទៀតផងដែរ ហើយត្រូវក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកជំងឺថ្មីនេះ ករណីទី១ ដល់ទី៣១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣២ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៣៨ ដល់ទី៤១ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។

ករណីទី៤២ ជាអ្នកធ្វើដំណើរមកពីខេត្តព្រះវិហារ, ករណីទី៤៣ ដល់ទី៤៤ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ, ករណីទី៤៥ ដល់ទី៥២ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ(ការដ្ឋានRosae Apple Sqare) និងករណីទី៥៣ ដល់ទី៥៧ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង។

ករណីទី៥៨ ដល់ទី១២៨ ជាករណីមានប្រភពចម្លងចេញពីមណ្ឌលស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន, ករណីទី១២៩ ដល់ទី១៤១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ករណីទី១៤២ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

រីឯអ្នកជាសះស្បើយទាំង ២៥នាក់ ខាងលើ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២,២៨០នាក់ បានព្យាបាលជាសះស្បើយចំនួន៧៦៣នាក់ ស្លាប់២២នាក់ និង១,៤៩៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕