(កំពង់ឆ្នាំង)៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតសម្រេចបិទជាបណ្ដោះអាសន្ន ផ្សាលើក្រុងកំពង់ឆ្នាំង រហូតដល់មានការជូនដំណឹងថ្មី បន្ទាប់ពីសន្ទុះនៃការឆ្លងកូវីដ១៩កើតឡើង ច្រើនពេក។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា អ្នកឆ្លងកូវីដមានរហូតដល់ទៅ៦៦នាក់ ក្នុងនោះមានអាជីវករ, កម្មករ, បុគ្គលិកធនាគារ និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ចំពោះអ្នកវិជ្ជមានកូវីដ១៩ថ្មីទាំង៦៦នាក់ ត្រូវបានយកទៅដាក់ឲ្យសម្រាកនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអំពាវនាវឲ្យអ្នកដែលមានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ខាងលើនេះ រយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន៣ការពារនិង៣កុំ ដើម្បីផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះទាំងអស់គ្នា។

សេចក្តីជូនដំណឹងស្តីពីការហ៊ុព័ទ្ធបិទខ្ទប់ផ្សាលើក្រុងកំពង់ឆ្នាំង ដោយផ្អាកការលក់ដូរជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅជុំវិញផ្សារ និងអាជីវករសូមប្រញាប់ទៅយកសំណាកជាបន្ទាន់ ចាប់ ពីថ្ងៃទី១០ ខែកក្កដា រៀងរាល់ម៉ោងធ្វើការ និងសូអាជីវករទាំងអស់ដាក់ខ្លួន ធ្វើចត្តាឡីស័កនៅតាមផ្ទះឲ្យបានត្រឹមត្រូវផងដែរប៉ាការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋានរបស់ប្អូន។

បើតាមមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលបានយកសំណាក អ្នកពាក់ព័ន្ឋលើអាជីវករទាំងផ្សារឆ្នាំង និងផ្សារលើ ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ជាលទ្ឋផលបណ្តោះ អាសន្នលើតេស្តរហ័ស បានរកឃើញអ្នកវិជ្ញមានថ្មីចំនួន១៩នាក់បន្ថែមទៀត នេះនៅមិនទាន់គិតពីតាមបណ្តាស្រុកទាំង៧ទៀតផង។

សូមបញ្ជាក់ថា ការបិទផ្សារឆ្នាំង និងផ្សារលើក្នុងក្រុងកំពង់ឆ្នាំងជាបណ្តោះអាសន្ននេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅពេលដែលបើកផ្សារទាំង២នេះឲ្យដំណើរការឡើងវិញជាថ្មីនោះ អាជ្ញាធរនឹងជូនដំណឹងនៅជាថ្មីទៀត៕