(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីសំណោះសំណាល និងប្រគល់នូវប័ណ្ណសរសើរ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិនចំនួន ៧០រូប។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាប្រធានមូលនិធិប្រឆាំងកូវីដ-១៩ លោក សុក ហ៊ុយ តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិត និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន លោក ម៉េង រិទ្ធិសុពល និងកញ្ញា លី មន្នី តំណាងក្រុមអ្នកសម្របសម្រួលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ស៊ូ សិទ្ធិគុណ អនុប្រធានសមាគមនិស្សិត លោក An Jia តំណាងសប្បុរសជនចិន ព្រមទាំង កញ្ញា សំណាង អេលីណា Miss Universe 2019។

ក្នុងរយៈពេលជាង២ខែកន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពយុវជនកម្ពុជា-ចិន បានឈរជើងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ សរុបប្រមាណ៣៣,៦០០នាក់ សម្រាប់ដូសទី១ និងដូសទី២ ក្នុងយុទ្ធនាការចាក់វ៉ាក់សាងកូវីដ-១៩ វគ្គទី២ និងទី៣។

លោក ហោ សរីវឌ្ឍន៍ បានធ្វើការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន មិត្តភាពកម្ពុជា-ចិន ក្នុងការទទួលបានភាពជោគជ័យ ក្នុងយុទ្ធនាការវគ្គទី២ និងទី៣ ព្រមទាំងពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ (TYDA) ចំពោះសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត ដែលមានឆន្ទៈ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវដី-១៩ នៅកម្ពុជា។

លោក សុក ហ៊ុយ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានលើកឡើងថា កិច្ចការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន គឺជាការកសាងបុណ្យកុសល ដែលបានចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។

លោក An Jia តំណាងសប្បុរសជនចិន បានលើកឡើងថា ទុក្ខលំបាករបស់ប្រទេសកម្ពុជា ប្រៀបបាននឹងទុក្ខលំបាករបស់ប្រទេសចិន ហើយលោកនឹងខិតខំកៀរគរជំនួយពីខាងអ្នកវិនិយោគ និងសប្បុរសជនចិន បន្តជួយដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន។

លោក អ៊ុ វុទ្ធទី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន បានបន្តថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងខ្ញុំ ពិតជាមោទនភាពណាស់ដែលបានចូលរួមក្នុងបុព្វហេតុជាតិ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសដែលកំពុងរស់នៅទឹកដីខ្មេរ ដែលជាយន្តការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចួលរួមសម្រាលបន្ទុករបស់រាជារដ្ឋាភិបាលកម្ពុជាយើងផងដែរ»

លោកបន្តថា ប្រជាពលរដ្ឋខ្មែរ និងបរទេស ទាំងចាស់ទាំងក្មេង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងក្តីសប្បាយរីករាយ។ ជាពិសេស សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន ក៏បានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពដែកថែប រវាងកម្ពុជាចិនផង-ដែរ៕