(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ដែលខិតខំរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី វិនិយោគ ដោយសមាគមបានចាត់ទុកថា សេចក្ដីព្រាងច្បាប់ថ្មីនេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់ ក្នុងការធ្វើឱ្យវិស័យវិនិយោគនៅកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានឱ្យដឹងថា ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក-សមាជិកានៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលជាអ្នកវិនិយោគ ពាណិជ្ជករ អាជីវករ ឧស្សាហករ សិប្បករ សហគ្រិន និងអ្នកមានវិជ្ជាជីវៈនានានោះ ពិតជាមានក្ដីរីករាយខ្លាំងណាស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានសេចក្ដីព្រាងច្បាប់វិនិយោគនេះ។

ប្រធានសមាគមរូបនេះបានបន្តថា នៅពេលច្បាប់ថ្មីនេះត្រូវបានប្រកាសឱ្យប្រើប្រាស់នៅក្នុងឆ្នាំនេះ ឬនៅឆ្នាំក្រោយ វាក៏ជាឱកាសល្អសម្រាប់វិស័យវិនិយោគនៅកម្ពុជា ពីព្រោះមានកិច្ចព្រមព្រៀងជាច្រើន ដែលភាគីកម្ពុជាត្រៀមធ្វើជាមួយភាគីអន្តរជាតិនានា ស្របពេលដែលបរិបទនៃវិស័យវិនិយោគនៅកម្ពុជា ក៏កាន់មានសក្ដានុពលខ្លាំងឡើងៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឡី សុភាព បានគូសបញ្ជាក់ថា សម្រាប់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តតាមខ្លឹមសារនៃច្បាប់ស្ដីពីវិនិយោគថ្មីនេះ និងចូលរួមក្នុងកិច្ចការជំរុញការអភិវឌ្ឍវិស័យវិនិយោគនៅកម្ពុជា បង្កើនទំនាក់ទំនងល្អជាមួយវិនិយោគអន្តរជាតិ ដើម្បីរួមចំណែកធ្វើឱ្យវិស័យវិនិយោគជាតិកាន់តែមានភាពរីកចម្រើន។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ មាន ១២ ជំពូក និង ៤២ មាត្រា ហើយត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ អនុម័តរួចរាល់ហើយ ដែលនឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តបន្ត។

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគ ដែលបានតាក់តែងឡើងថ្មីនេះ គឺដើម្បីជំនួសច្បាប់ស្ដីពីវិនិយោគចាស់ ដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៩៤ និងឆ្នាំ២០០៣។

ការបង្កើតច្បាប់ថ្មីនេះ ក្នុងគោលបំណងធ្វើឱ្យមានភាពទាក់ទាញ និងប្រសើរជាងមុននៃការវិនិយោគនៅកម្ពុជា ដោយឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការ ស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ច ដែលនឹងបង្កើតក្របខណ្ឌគតិយុត្ត មានភាពបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុន ក៏ដូចជាពង្រឹងភាពទាក់ទាញ និងសមត្ថភាពបំពេញបន្ថែម ជាពិសេសបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យានិងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍនិងនវានុវត្តន៍ និងសហគ្រាសធុនតូចនិងមធ្យម។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះក៏បានកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.)។

ជាមួយគ្នានេះដែរ ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជាពីសំណាក់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីពី ៣១ ថ្ងៃ ទៅ ២០ ថ្ងៃ ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅបានតាមរយៈការដាក់ឱ្យប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន (Online)។

បន្ថែមលើនេះផងដែរ សេចក្តីព្រាងច្បាប់នេះក៏បានដាក់ចេញនូវការពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យក្នុងពេលតែមួយ និងរួមគ្នា ព្រមទាំងកំណត់នូវរបបលើកទឹកចិត្តចំពោះគម្រោង គ.ល.គ. ទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដើម្បីទាក់ទាញរំហូរវិនិយោគមកកាន់វិស័យដែលកម្ពុជា ត្រូវការជាចាំបាច់ក្នុងបរិបទនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។

ដើម្បីផ្ដល់ភាពកក់ក្ដៅដល់វិនិយោគិន សេចក្ដីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារវិនិយោគ និងផ្ដល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្ដល់សេវាថែទាំវិនិយោគផងដែរ៕