(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំប្រើប្រាស់ពាក្យស្នេហាជាតិតែនៅលើបបូរមាត់ ពោលត្រូវជួយគាំទ្រាផលិតផលក្នុងស្រុក ដើម្បីបង្កើនទីផ្សារ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋខ្លួនឲ្យកាន់តែប្រសើរឡើង ជាជាងគាំទ្រផលិតក្រៅស្រុកដែលនាំចូល។

ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើអ្វីជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា?» នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «ធ្វើមិចឲ្យប្រជាពលរដ្ឋយើង កុំស្នេហាតែបបូរមាត់ ត្រូវស្នេហាផលិតផលរបស់ខ្លួន។ យើងមិនអាចបិទគេបានទេ ប៉ុន្ដែផ្សារនៅលើដៃរបស់យើងហើយ បើប្រជាជនទិញផលិតរបស់យើង នឹងជួយផលិតផលរបស់យើង នោះនឹងធ្វើឲ្យទីផ្សារមាន»។

លោកបានបញ្ជាក់ថា ការជំរុញឲ្យប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកនេះ គឺជាចំណុចចិត្តសាស្ដ្រមួយ ក្នុងចំណោម៤ចំណុចផ្សេងទៀត ដែលធ្វើឲ្យវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើន និងកាន់តែជួយរុញកំណើតសេដ្ឋកិច្ចជាតិបន្ថែមទៀត ព្រមទាំងសម្ដៅកាត់បន្ថយការនាំចូលផងដែរ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានអះអាងថា កម្ពុជាមិនអាចបិទការនាំចូលបានទេ ព្រោះកម្ពុជាជាសមាជិកអង្គការ WTO និងជាសហគមន៍អាស៊ាន ដូច្នេះទំនិញចេញដោះដូរពីប្រទេសមួយ ទៅប្រទេសមួយបាន មិនអាចបិទបានឡើយ។

ទន្ទឹមនឹងការគាំទ្ររបស់ប្រជាពលរដ្ឋហើយនោះ អាជីវករផ្ទាល់ដែលជាម្ចាស់ផលិតផល ត្រូវតែមានភាពស្មោះត្រង់ និងមានសីលធម៌ ក្នុងការលក់នូវផលិតផលរបស់ខ្លួន ជៀសវាងនូវការបោកប្រាស់អតិថិជន។ លោកបណ្ឌិត សុខ ទូច បានលើកជាឧទាហរណ៍ថា បើកសិផលនោះជារបស់នាំចូល ត្រូវប្រាប់ត្រង់ទៅកាន់អតិថិជនថា នោះជាកសិផលនាំចូល កុំយកកសិផលនាំចូល ហើយបោកប្រាស់អតិថិជនថាជា កសិផលក្នុងស្រុក។

លោកបានអះអាងទៀតថា ប្រជាពលរដ្ឋខ្មែរមួយចំនួន មិនមានសីលធម៌ក្នុងការលក់ដូរ គឺការមិនសោះត្រង់ក្នុងការរកស៉ី។ លោកថា នៅពេលក្រូចបាត់ដំបងឆ្ងាញ់ ដឹកក្រូចនាំចូលមកពីប្រទេសវៀតណាម យកទៅដាក់ក្រោមដើមក្រូចបាត់ដំបង៕