(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រុងស្វាយរៀង បន្តចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការអញ្ជើញ និងពេលវេលាកំណត់របស់ អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំង បានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដល់យើងទាំងអស់គ្នា។

ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេនព្រះសង្ឃ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅដោយឥតគិតថ្លៃ នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង។

លោក សរ សុដានី បានបន្តថា ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន មកដល់ថ្ងៃនេះក្រុងស្វាយរៀង បានបើកយុទ្ធនាការចាក់វាក់សាំងជូនដល់ប្រជាពលរដ្ឋបាន៣ថ្ងៃហើយ ដោយបានបន្តដំណើរការទៅយ៉ាងរលូន បន្ទាប់ពីប្រជាពលរដ្ឋបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ទៅតាមការអញ្ជើញ និងពេលវេលាកំណត់របស់អាជ្ញាធរ ហើយបានចូលរួមសហការបានយ៉ាងល្អជាមួយក្រុមការងារទាំងអស់។

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងាររដ្ឋបាលក្រុង-សង្កាត់ ជាពិសេសប្អូនៗក្មួយៗ យុវជន (សសយក) ក្រុងស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មជួយសម្របសម្រួលការងារ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំមិនខ្លាចនឿយហត់ឡើយ។

លោកបានបន្ថែមថា ក្រោយទទួលបានវ៉ាក់សាំងរួចសូមពុកម៉ែ បង ប្អូន ប្រជាពលរដ្ឋត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច ទើបធ្វើឱ្យស្ថានភាពវិលទៅរកភាពដើមវិញនាពេលខាងមុខនេះជាក់ជាមិនខាន៕