(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ និងក ម្មករ កម្មការិនី នៅសង្កាត់ចំនួន៤ នៃក្រុងសិរីសោភ័ណ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះ បានធ្វើឡើងក្រោមវត្តមានលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុ រាត្រី អភិបាលខេត្ត រួមជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរនាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្រ្តីពាក់ព័ន្ធកងកម្លាំងមួយចំនួន។

នៅក្នុងឱកាសនោះដែរ អ៊ុ រាត្រី បានថ្លែងថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធានសុខាភិបាល ឱ្យបានត្រឹមត្រូវទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះលោក អ៊ុ រាត្រី បានបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយប្រជាពលរដ្ឋត្រូវគោរពដឹងគុណចំពោះសម្តេច។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន។

សូមបញ្ជាក់ថា ផែនការចាក់វ៉ាក់ក្នុងក្រុងសិរីសោភ័ណនេះមានប្រជាពលរដ្ឋ ជាង៥០,០០០នាក់ លើ៤សង្កាត់ ក្នុងនោះបានកំណត់យកក្នុង១សង្កាត់មានទីតាំងចាក់សាំងចំនួន ២កន្លែង។

ក្នុងនោះទី១៖ សម្រាប់ពលរដ្ឋនៅសង្កាត់ទឹកថ្លា ត្រូវទទួលការចាក់វ៉ាកសាំងនៅទីតាំងសាលាបឋមសិក្សាគាប និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត (យោធាខេត្ត)។

*ទី២៖ សង្កាត់អូរអំបិល នៅទីតាំងសាលាបឋមសិក្សាគោរដ្ឋាន និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត (យោធាខេត្ត។
*ទី៣៖ សង្កាត់ព្រះពន្លា នៅទីតាំងវត្តសមាធិភូមិ៤ និងនៅវិទ្យាល័យពុទ្ធកៈសម្តេចធម្មពោធិសាល ជា ស៊ីម នាវត្តស្វាយចាស់ ភូមិ១។
និងទី៤៖ សង្កាត់កំពង់ស្វាយ នៅទីតាំងសាលាបឋមសិក្សា ហ៊ុន សែន សូភី ភូមិសូភី និងនៅសាលាបឋមសិក្សាប៉ោយសូភី ភូមិ២៕