(ភ្នំពេញ)៖ ក្នុងនាមជាតំណាងសង្គមស៉ីវិលមួយនៅកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកទឹកចិត្តដល់សង្គមស៊ីវិលនៅប្រទេសចិន បន្តការចូលរួមជាកម្លាំងប្រកៀកស្មាជាមួយ សង្គមស៊ីវិលនានានៅប្រទេសកម្ពុជា ដើម្បីបន្តការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បំពេញតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

ការជំរុញលើកទឹកចិត្តទៅកាន់ភាគីចិនខាងលើនេះ ធ្វើឡើងក្នុងពេលលោក ជា មុនីឫទ្ធិ ចូលរួមថ្លែងទៅកាន់កិច្ចសន្ទនាស្តីពីការអភិវឌ្ឍសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយបណ្តាញអង្គការសង្គមស៊ីវិលរបស់ប្រទេសចិន (CNIE) នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ បានគូសបញ្ជាក់ថា ប្រទេសនីមួយៗមិនអាចមើលរំលងពីការធានា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននោះឡើយ ទិសដៅអាទិភាពជាងគេបង្អស់របស់រដ្ឋាភិបាល គឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាជីវភាពរស់នៅកាន់តែប្រសើរឡើងរបស់ប្រជាជន។ ការផ្តល់តម្លៃជាអាទិភាពលើអាយុជីវិតរបស់ប្រជាជន គឺជាយន្តការដ៏ត្រឹមត្រូវបំផុតរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដែលមានប្រទេសចិនជាគំរូដ៏ល្អមួយនាពេលបច្ចុប្បន្ន គឺជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញថា ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តដែលពិភពលោកបាន និងកំពុងមើលឃើញ និងទទួលបានដោយផ្ទាល់ពីការរួមចំណែករបស់ប្រជាជន និងរដ្ឋាភិបាលចិន លើការជួយដល់សុខុមាលភាពរបស់មនុស្សជាតិនៅទូទាំងពិភពលោក។

ជាក់ស្តែង ក្នុងពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រទេសចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តជាច្រើនរូបដែលពោរពេញដោយពុទ្ធិ បទពិសោធន៍ បច្ចេកវិទ្យាទំនើប និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តនានា ជាពិសេសគឺជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ដើម្បីរួមកម្លាំងគ្នាជាមួយក្រុមគ្រូពេទ្យកម្ពុជា អនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមវិធានាការណ៍នានាដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិតបានបន្តថា ការគាំទ្រ និងការចូលរួមចំណែកពីមិត្តចិន ពិតជាបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អាហារូបករណ៍និស្សិត អាជីវកម្ម និងការបង្កើតការងារ ជំនួយសុខមាលភាពកុមារ និងការគាំពារសង្គម។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា នឹងមិនអាចទៅរួចទេ ប្រសិនបើគ្មានជំនួយដ៏ច្រើន និងគ្មានលក្ខខណ្ឌពីសំណាក់ប្រទេសចិន។ នេះគឺជាសុឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការការពារសិទ្ធិរស់រានមានជីវិត ដែលជាគោលការណ៍គ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សូមរំលឹកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយពិភពលោក នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា វិធីសាស្ត្រក្នុងការសម្រេចប្រជាធិបតេយ្យគឺមានច្រើនបែបយ៉ាង មិនអាចដូចគ្នាទាំងស្រុងនោះទេ។ ប្រទេសមួយមានប្រជាតិបតេយ្យ ឬអត់ គឺត្រូវវាយតម្លៃដោយប្រជាជនរបស់ប្រទេសនោះ តែមិនមែនដោយប្រទេសមួយចំនួនតូចនោះទេ។ ក្នុងន័យនេះ មាគ៌ាឆ្ពោះទៅរកសុភមង្គល គឺខុសៗគ្នា ប្រជាជនគ្រប់ប្រទេសមានសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ និងរូបមន្តរបបរបស់ខ្លួន។

លោក ជា មុនីឫទ្ធិ បានកោតសរសើរ និងលើកទឹកចិត្តដល់សង្គមស៊ីវិលប្រទេសចិន ឱ្យចូលរួមជាកម្លាំងប្រកៀកស្មាជាមួយសង្គមស៊ីវិលនានារបស់កម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាន។

លោកក៏បានបញ្ជាក់ដែរថា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៧ ដែលបានប្តូរពីក្រុមស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៨។ រយៈពេលជាងមួយទសវត្សរ៍នៃការបង្កើតឡើងនេះ សមាគមបានបោះពុម្ពផ្សាយនូវឯកសារ រៀបចំសិក្ខាសាលា វេទិកាវិទ្យាសាស្រ្តចំហ និងសន្និសីទទាំងកម្រិតជាតិ ទាំងកម្រិតអន្តរជាតិជាច្រើន ស្តីពីទំនាក់ទំនងរវាងកម្ពុជានិងចិន៕