(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់ បានលើកឡើងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ គ្មានផលល្អសម្រាប់ប្រជាពលរដ្ឋទាល់តែសោះ ពិសេសក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ នេះតែម្ដង។

តាមការបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា បានស្នើដល់ក្រសួង-ស្ថាប័ន និងថ្នាក់រាជធានី-ខេត្តទាំងអស់ សូមកុំទទួលការឧត្ថម្ភពីក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ ដែលអនុក្រឹត្យបានហាមឃាត់រួចហើយនោះ។

លោកស្រីបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនថ្នាំជក់ ដែលមានចេតនាធ្វើឱ្យគេស្គាល់ផលិតផលរបស់ខ្លួន តាមរយៈការជួយសង្គម ដើម្បីអាចទទួលបានផលប្រយោជន៍ជាច្រើនក្នុងការឧបត្ថម្ភនេះ។ ការព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនថ្នាំជក់នេះ បន្ទាប់ពីមានក្រុមហ៊ុនថ្នាំជក់បានបង្ហោះក្នុងបណ្តាញសង្គមនូវរូបភាពពាក់ព័ន្ធសកម្មភាពឧបត្ថម្ភរបស់ខ្លួន ទៅកាន់ក្រសួង-ស្ថាប័នមួយចំនួន ក្នុងគោលបំណងធ្វើឱ្យគេស្គាល់ផលិតផលរបស់ខ្លួន។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «ឧស្សាហកម្មថ្នាំជក់គាត់ព្យាយាមធ្វើសកម្មភាពហ្នឹង ដើម្បីធ្វើយ៉ាងណាបង្ហាញថា គាត់បានធ្វើការចូលរួមជាមួយសង្គម ដើម្បីជួយសកម្មភាពផ្សេងៗ ជាពិសេសបច្ចុប្បន្ន មានជំងឺកូវីដ-១៩ ប៉ុន្ដែចេតនាពិតរបស់គាត់ចង់ផ្សាយពាណិជ្ជកម្មរបស់គាត់ថាជាអំពើល្អរបស់ក្រុមហ៊ុនគាត់នៅក្នុងសង្គម ហើយសកម្មភាពនេះត្រូវហាមដោយច្បាប់»។

លោកស្រីបានអះអាងថា ប្រសិនបើមានក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ទាំងអស់មានសកម្មភាពនេះ នឹងត្រូវប្រឈមមុខច្បាប់តែម្ដង។ លោកស្រីថា ការប្រើប្រាស់ និងរងផ្សែងបារីពីគេ វាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដែលបណ្ដាលឱ្យកើតជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺជាច្រើនមុខផ្សេងទៀត។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រកាសមិនទទួលយកការឧបត្ថម្ភសម្ភារផ្សេងៗទាំងអស់ពីក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ជាដាច់ខាត ដើម្បីអនុវត្ដន៍តាមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងគោលការណ៍របស់ក្រសួងសុខាភិបាល។ លោកបានបន្ថែមថា កន្លងមក មន្ទីរសុខាភិបាលរាជធានីភ្នំពេញ គឺមិនដែលទទួលបានការឧបត្ថម្ភសម្ភារផ្សេងៗពីក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់នោះទេ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដោយមានក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ជាសមាជិក។ មាត្រា ៣ នៃអនុក្រឹត្យនេះ បានបញ្ជាក់ច្បាស់ថា សមាជិកនៃគណៈកម្មាធិការនេះ ជាបុគ្គលដែលមិនជាប់ពាក់ព័ន្ធទំនាស់ផលប្រយោជន៍ជាមួយឧស្សាហកម្ម ឬក្រុមហ៊ុនថ្នាំជក់ឡើយ។

សូមបញ្ជាក់ថា ការប្រើប្រាស់ថ្នាំជក់បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤០នាក់ ស្លាប់ជារៀងរាល់ថ្ងៃ និងធ្វើឱ្យខាតបង់ថវិកាប្រមាណ ៦៤៩ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗនៅកម្ពុជា៕