(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បន្តដាក់វិធានការ និងក្រើនរំលឹកដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងភូមិសាស្ត្រខេត្តកំពត ត្រូវពង្រឹងអនុវត្តឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ពាក់ព័ន្ធបទល្មើសព្រៃឈើ បទល្មើសនេសាទគ្រប់ប្រភេទ បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសដ៏ទៃទៀត។

ការបន្តដាក់វិធានការ និងក្រើនរំលឹកនេះ ធ្វើឡើងខណៈ លោក ជាវ តាយ បានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែមិថុនា និងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត។ កិច្ចប្រជុំនេះក៏មានការចូលរួមពីបណ្តាជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងកម្លាំងពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

លោក ជាវ តាយ បានបន្តក្រើនរំលឹកដល់សមត្ថកិច្ច និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ ហើយត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយ ដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឲ្យស្របតាមវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក ជាវ តាយ បានបន្តទៀតថា តាមលទ្ធផលការងារនៅក្នុងឆមាសទី១ ក៏ដូចជា ក្នុងខែមិថុនាឆ្នាំ២០២១នេះ ការងារអភិវឌ្ឍន៍ សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ ទាំងក្នុងភូមិសាស្ត្រខេត្ត និងតាមខ្សែបន្ទាត់ព្រំដែន។ ទាំងនេះគឺផ្ដើមចេញពីក្រុមការងាររាជរដ្ឋាភិបាល មកពីថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធបានចូលរួមយ៉ាងសកម្មចុះស្វែងយល់ពីតម្រូវការ និងជួយដោះស្រាយរាល់ សំណូមពរ បញ្ហាប្រឈម របស់ប្រជាពលរដ្ឋទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្ដៅ និងមានជំនឿទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

ទន្ទឹមនេះ ខេត្តក៏នៅមានចំណុចប្រឈមមួយចំនួន ដែលទាមទារឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្តការខិតខំប្រឹងប្រែង អនុវត្ត តួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដូចជា៖

*បន្តយកចិត្តទុកដាក់ ចាត់វិធានការដោះស្រាយការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈវិធានការសុខាភិបាល
*ការអប់រំរដ្ឋបាល និងច្បាប់ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ
*បន្តពង្រឹងពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាប់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឲ្យកាន់តែប្រសើរ
*បើកទូលាយក្នុងការផ្តល់ និងទទួលព័ត៌មាន សំណូមពរពីប្រជាជន តាមរយៈការផ្សព្វផ្សាយលេខទូរស័ព្ទ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាដើម៕