(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៦៤នាក់បន្ថែមទៀត និងស្លាប់៣នាក់ នៅស្រុកបាធាយម្នាក់ និងស្រុកកំពង់សៀម ២នាក់។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៦៤នាក់ ក្នុងនោះក្រុងកំពង់ចាម ០៦នាក់,ស្រុកកំពង់សៀម ០២នាក់ ស្រុកបាធាយ ១៦នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកជើងព្រៃ ០៨នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកកងមាស ០១នាក់, ស្រុកចំការលើ ១១នាក់ និងមកពីខេត្តតាកែវ ០១នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕