(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ-ខេត្ដទាំង២៥។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាល (CMS)។

លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់យើង ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ដូច្នេះរថយន្ដនេះ នឹងបម្រើសេវាចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេស កាន់តែលឿនរហ័ស។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចប្រគល់រថយន្ដដឹកវ៉ាក់សាំង ជូនដល់មន្ទីរសុខាភិបាលខេត្ដ ទូទាំង២៥ រាជធានី-ខេត្ដ ដើម្បីចាក់ជូនប្រជាពលរដ្ឋនេះ គឺជាការជំរុញឱ្យដំណើរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាន់តែភាពល្អប្រសើរបន្ថែមទៀត»។ យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ទឹកចិត្ដដ៏មហិមា និងគិតគូរ របស់ សម្ដេចតេជោ»

សូមជម្រាបថា កាលពីថ្ងៃ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ជូនដល់ក្រសួងការពារជាតិផងដែរ ៕