(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការរៀបសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ នៅរាជធានីភ្នំពេញ គិតដល់ពេលនេះ អាជ្ញាធរអនុវត្តការងាររបស់ខ្លួនសម្រេចបាន ប្រមាណ៩៥ភាគរយហើយ។ នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេ បានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ។

នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក មាន ចាន់យ៉ាដា បានឲ្យដឹងថា រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមានផ្ទះបណ្ដែតទឹក បែត្រី និងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់១៤៧២ទីតាំង ចែកចេញជា៤ប្រភេទ ក្នុងនោះ មានប្រភេទជាបែត្រី សំណង់មិនរៀបរយ ដៃត្រី និងទូកនេសាទ ដែលក្នុងចំនួននេះមានបងប្អូនប្រជាពលរដ្ឋ បានស្ម័គ្រចិត្តរុះរើចេញមកលើគោកមានចំនួន១២៤២ទីតាំង។

ចំពោះទីតាំងចល័ត បានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រីជាបណ្តោះអាសន្ន ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮ និងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង។ ទីតាំងទី២ នៅជាប់ស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំងដែលបាននិងកំពុងរុះរើមានចំនួន១៧ទីតាំង។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ភាគរយ គិតមកដល់ពេលនេះ។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការអនុវត្តនូវវិធានការជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែត្រី ផ្ទះទឹក និងសំណង់មិនរៀបរយ នៅលើផ្ទៃទឹក តាមដងទន្លេនៅរាជធានីភ្នំពេញនេះ ទទួលបានជោគជ័យ គឺដោយសារអាជ្ញាធរមានវិធានការចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធនិងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។

លោក ប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះ បានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរ និងទទួលបានជោគជ័យ។

គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ ជាថ្ងៃដែលអាជ្ញាធរប្រើវិធានការរដ្ឋបាលចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំឲ្យប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំឲ្យបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណរភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ហើយការងារនេះ បើគិតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕