(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកចន្ទ្រា និងស្រុករំដួល នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។

ឆ្លៀងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេសការអុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីរាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសំណូមពរឱ្យអាជ្ញាធរទាំងអស់ ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះប្រជាពលរដ្ឋចំណាកស្រុកបានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធានការចត្តាឡីស័ក នៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ បំប្លែងថ្មីប្រភេទ (ដែលតា និងបែលតា) ចូលក្នុងសហគមន៍។ ជាពិសេសត្រូវផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីវិធានការរបស់សុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាលគឺ «៣កុំ និង៣ការពារ» ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ។

បើតាមលោក ហុង ឡុង នាយកខុទ្ទកាល័យក្រសួង បានឱ្យដឹងថា អំណោយដែលបានផ្តល់ជូនស្រុករំដួល និងស្រុកចន្ទ្រា នាពេលនេះរួមមាន៖ ទឹកសុទ្ធ ៥០កេស អង្ករ ១តោន មី ៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ៥កេស ម៉ាស ៥កេសធំ អាល់កុល ៣កាន សាប៊ូលាងដៃ ១០០ដុំ ថ្នាំដុសធ្មេញ ១០០ទីប ច្រាស់ដុសធ្មេញ ១០០ដើម និងថវិកា ១លានរៀល៕