(តាកែវ)៖ ខណៈពេលដែលមានទណ្ឌិតមួយចំនួនបានឆ្លងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានដឹកនាំក្រុមការងារនាំយកម៉ាស់ អាល់កុល ថ្នាំពេទ្យ និងទឹកបរិសុទ្ធមួយចំនួនប្រគល់ជូនមន្ត្រីពន្ធនាគារខេត្តតាកែវ ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។

លោក ជីវ ចាន់តារា ក៏បានធ្វើការណែនាំដល់មន្រ្តីពន្ធនាគារ ធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យបន្តឆ្លងរីករាលដាលនៅក្នុងពន្ធនាគារ តាមរយៈការសហការ ជាមួយមន្រ្តីសុខាភិបាលឱ្យបានល្អប្រសើរ ដោយធ្វើយ៉ាងណាយកសំណាកទណ្ឌិត និងអ្នកពាក់ព័ន្ធទៅពិនិត្យរកជំងឺកូវីដ១៩ ហើយប្រសិនបើរកឃើញទណ្ឌិតណា មានផ្ទុកជំងឺកូវីដ១៩ ត្រូវយកទៅព្យាបាលឱ្យបានទាន់ពេលវេលា ហើយទណ្ឌិតដែលពាក់ព័ន្ធត្រូវយកទៅដាក់នៅអាគារដាច់ដោយឡែករបស់ពន្ធនាគារ។

សូមបញ្ជាក់ថា សម្ភារដែលលោក ជីវ ចាន់តារា ប្រគល់ជូនពន្ធនាគារខេត្តនាពេលនេះ គឺបានមកពីការចូលរួមរបស់អយ្យការអមសាលាដំបូង និងសាលាដំបូងខេត្តដែលរួមមាន៖ ម៉ាស់ ២កេសធំ ស្មើ ១០០ប្រអប់, អាល់កុល ២ប៊ីដុង ស្មើ ៦០លីត្រ, ថ្នាំវីដតាមីនសេ ៩៤ប្រអប់, ថ្នាំឱសថបូរាណចិន (Lianhua Qingwen Jiaonang) ចំនួន ១០០ប្រអប់ និងទឹកបរិសុទ្ធ ចំនួន ១០កេសផងដែរ៕