(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីរាជការ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាព ប្រដាប់អាវុធទាំងបីអង្គភាព ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅ តំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែកនៃភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ចំនួន១៣០គ្រួសារ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លោក ស្វាយ សំអ៊ាង បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខមាល ភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេសត្រូវចូលរួម អនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។

ក្នុងនាឱកាសនោះលោក ស្វាយ សំអ៊ាង ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែកនៃភូមិឆ្នែងចំនួន ១៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ជួយសម្រាលពេលបិទខ្ទប់នេះ។

បន្ទាប់ពីនេះលោក ស្វាយ សំអ៊ាង រួមទាំងសហការី ក៏បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានឧបត្ថម្ភថវិកាចំនួន ២០០$ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ ត្រូវបន្តខិតខំយកចិត្តទុកដាក់ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល៕