(ត្បូងឃ្មុំ)៖ ក្រោយរកឃើញអ្នកភូមិឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ក្នុងសហគមន៍ អាជ្ញាធរ បានសម្រេចបិទខ្ទប់ភូមិទី២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍។ ការអនុវត្តនេះ គឺចាប់ពីថ្ងៃទី២ ខែកក្កដាមក។ ការបិទខ្ទប់មិនឱ្យពលរដ្ឋចេញក្រៅផ្ទះ ឬភូមិនេះ បង្កឱ្យប៉ះពាល់ជីវភាពពលរដ្ឋមួយចំនួន ជាពិសេសគ្រួសារមានជីវភាពខ្វះខាត។

ពលរដ្ឋភូមិទី២ ឬភូមិខ្ពប បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមិនអាចចេញទៅណាបានឡើយ ខណៈភូមិទាំងមូលត្រូវបានបិទខ្ទប់ និងមានការយាមពីអាជ្ញាធរ។ លោក សុះ ក្រី យ៉ា អ្នកភូមិមួយរូបបាននិយាយថា សមាជិកគ្រួសារលោកសរុប ៩នាក់ មិនអាចទៅណារួច ក្រៅពីចុះលេងមុខផ្ទះ។ លោកបន្ថែមថា ការណ៍នេះកំពុងធ្វើឱ្យគ្រួសារលោកមានបញ្ហាជីវភាពជាខ្លាំង ដ្បិតនៅផ្ទះពុំមានអង្ករគ្រប់គ្រាន់សម្រាប់រយៈពេល២សប្ដាហ៍ នៃការបិទខ្ទប់នេះ។

លោកបន្តថា៖ «ពិបាកដែរ ខ្ញុំទើបមកពីម៉ាឡេស៊ីថា មកមើលឪពុកឈឺ ដល់ឥឡូវមកដេកស៊ីជាមួយគាត់វិញ។ ណាមួយគ្រួសារខ្ញុំមិនមែនអ្នកធ្វើស្រែ គ្មានស្រូវនឹងគេទេ មានតែរកលុយទិញអង្ករ ដល់តែទៅណាមិនរួចអ៊ីចឹង ទៅធ្វើអីបាន»។

លោកបន្ថែមទៀតថា មកដល់ពេលនេះ ពុំមានឃើញអាជ្ញាធរមូលដ្ឋានចុះមកសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនោះទេ ខណៈអ្នកភូមិមួយចំនួន កំពុងខ្វះខាត។

ហាកឹម ភូមិទី២ លោក ហាក់ អាម៉ីន បានឱ្យដឹងថា មកដល់ពេលនេះ អ្នកភូមិប្រមាណ ៧០នាក់ហើយ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅទីរួមខេត្តត្បូងឃ្មុំ។ លោកបន្តថា គ្រួសារអ្នកជំងឺខ្លះ ដែលគាត់មិនឆ្លង ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ និងពុំមានទីពឹងនោះទេ ដែលត្រូវការការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។

លោក ហាក់ អាម៉ីន៖ «ក្នុងនាមខ្ញុំជាហាកឹម (ថ្នាក់ដឹកនាំសាសនាក្នុងភូមិ) សូមអំពាវនាវជួយពួកគាត់ផង»។

មេភូមិទី២ ឃុំស្វាយឃ្លាំង លោក ស្មាន ក្រីយ៉ា បានលើកឡើងថា ភូមិនេះមានពលរដ្ឋសរុប ៣៣៧គ្រួសារ និងមានប្រជាជនសរុប ១,៦៧៥នាក់ ហើយគ្រួសារស្ថិតក្នុងកម្រិត ក្រ១ក្រ២ មាន២១គ្រួសារ។ ទាក់ទងបញ្ហាខាងលើ លោកមេភូមិពន្យល់ថា ពិតជាដូចការអះអាងរបស់ពលរដ្ឋពិតមែន តែមិនទាន់ដល់កម្រិតខ្វះបាយហូបនោះទេ។

លោក ក្រីយ៉ា ថា៖« យើងដើរក្នុងភូមិបាន ដូចជាទៅស្រែ ចម្ការ ច្រូតល្ង គ្រាន់តែឆ្លងទៅភូមិផ្សេងអត់បាន។ យើងកំពុងសុំទៅអាជ្ញាធរថា រដូវនេះគួរឱ្យឈ្មួញចូលមកទិញល្ងពលរដ្ឋបាន តែបើករណីឈ្មួញអត់ហ៊ានចូល ពលរដ្ឋអាចយកទៅក្រៅ (ព្រំប្រទល់ភូមិ) ដើម្បីលក់ឱ្យឈ្មួញបាន»។

អភិបាលស្រុកក្រូចឆ្មារ លោក សយ ទូច មិនអាចសុំការបកស្រាយបានទេលើករណីនេះ ដោយសារទូរសព្ទចូល តែពុំមានអ្នកទទួល៕