(ត្បូងឃ្មុំ)៖ គម្រោងមូលនីធិអភិវឌ្ឍន៍ ឃុំ/សង្កាត់ ឆ្នាំ២០២១ នៅឃុំបឹងស្រួល ស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ដំណើរការដេញថ្លៃ សាងសង់ផ្លូវចំនួន០២ខ្សែ ជាប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ ក្រោមវត្តមានលោក ស៊ឺង គីរីវណ្ឌី នាយកស្តីទី ទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលសាលាខេត្ត តំណាងរដ្ឋបាលស្រុកត្បូងឃ្មុំ និងមានការចូលរួមពីអាជ្ញាធរ តំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ។

លោក ស៊ឺង គិរីវណ្ឌី បានឱ្យដឹងថា ដំណើរការដេញថ្លៃគម្រោងរបស់ឃុំបឹងព្រួលនេះ គឺដើម្បីកែលម្អសោភ័ណភាព កសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត ដូចជាការជួសជុលផ្លូវ ការសាងសង់ផ្លូវក្រាលគ្រួសក្រហម និងការសាងសង់ផ្លូវបេតុងអាមេជាដើម។ គម្រោងអភិវឌ្ឍន៍ឃុំបឹងព្រួល នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នោះរួមមានទី១៖ គម្រោង សាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.៣៤ គីឡូម៉ែត្រ មានការថែទាំរយៈពេល ០៦ខែ, គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣គីឡូម៉ែត្រ មានការថែទាំរយៈពេល ០៦ ខែ ជាលទ្ធផលការដេញថ្លៃកិច្ចសន្យាសំណង់គម្រោងខាងលើសម្រេចបាន១០០%។

លោក ស៊ឺង គិរីវណ្ឌី បានស្នើឱ្យគណៈកម្មការលទ្ធកម្ម ឃុំ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃតាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវរៀបចំ កិច្ចសន្យាគម្រោង កុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង។

សូមជម្រាបថា ការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំនេះ គឺដើម្បីជ្រើសរើសអ្នកទទួលការជាសាធារណៈ តាមរយៈការប្រកួតប្រជែងមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌, ជ្រើសរើស រកអ្នកទទួលការដែលដាក់តម្លៃដេញទាបជាងគេ ធានាបាននូវគុណភាព និងនិរន្តរភាពគម្រោង, ផ្តល់ឱកាសស្មើៗគ្នា ដល់អ្នកទទួលការ ដើម្បីចូលរួមនៅ ក្នុងដំណើរការដេញថ្លៃក្រោមក្របខណ្ឌត្រឹមត្រូវ និងស្មើភាព, បង្ហាញដល់ប្រជាពលរដ្ឋគ្រប់រូប បានឃើញនឹងដឹងពិតប្រាកដថា នីតិវិធីទាំងឡាយត្រូវបានគោរព នឹងធ្វើតាមយ៉ាងត្រឹមត្រូវប្រកបដោយតម្លាភាព និងសន្សំសំចៃ, ប្រកាសជាសាធារណៈឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន (អ្នកទទួលការ) បានដឹងថា គម្រោងអភិវឌ្ឍន៍ របស់ខ្លួន កំពុងដំណើរការហើយ៕