(ភ្នំពេញ)៖ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសហការជាមួយមូលនិធិ LPN ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ ធ្វើការនៅខេត្តឆាក់ឈើងសៅ ដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ទាំងនោះ រួមមាន អង្ករ មី ត្រីខ ប្រេងឆា ត្រីងៀត អំបិល ប្រហុក និងម៉ាស។

ការចុះចែកនេះ មានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ប៉ូលីស និងមន្ត្រីសុខាភិបាល ដោយអនុវត្តតាមវិធានការការពារជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួន៕