(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៧៖៣០នាទីយប់ថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក។

កិច្ចប្រជុំនេះនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយគណបក្សកុម្មនិស្តចិនធ្វើជាម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ និងស្ថាប័ននានាជុំវិញពិភពលោក ត្រូវបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

កិច្ចប្រជុំកំពូលនេះ នឹងត្រូវធ្វើឡើងក្នុងលក្ខណៈជាការសន្ទនាគ្នាប្រកបដោយមិត្តភាព និងស៊ីជម្រៅ ដែលផ្តោតលើប្រធានបទ «ធ្វើការដើម្បីសុខុមាលភាពប្រជាជន៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ»

តាមរយៈការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍន៍មនុស្សជាតិ នាពេលអនាគត កិច្ចប្រជុំកំពូលនឹងចូលរួមចំណែកជាគតិបណ្ឌិត និងកម្លាំងដល់គណបក្សនយោបាយ និងស្ថាប័ននានាក្នុងការកសាងពិភពលោក ដែលប្រជាជនប្រកបដោយសុខុមាលភាព និងធានាការអភិវឌ្ឍរួមគ្នានៃប្រទេសទាំងអស់។

ក្នុងកំលុងពេលនៃកិច្ចប្រជុំកំពូលនេះ គេហទំព័រផ្លូវការមួយនឹងត្រូវបានបង្កើត ដើម្បីជាវេទិកាមួយសម្រាប់ឱ្យថ្នាក់ដឹកនាំគណបក្សនយោបាយ និងអង្គការនានាបញ្ចេញគំនិតលើប្រធានបទនៃសន្និសីទកំពូលក្នុងទម្រង់ជាវីដេអូ ឬការសរសេរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយនានាលើពិភពលោក នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងប្រធានបទដែលបានដាក់ចេញនេះផងដែរ។

ការថ្លែងសុន្ទរកថារបស់សម្តេចតេជោ ក្នុងកិច្ចប្រជុំនេះនឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិ និងផ្សាយបន្តដោយបណ្តាញផ្សព្វផ្សាយរបស់ Fresh News ផងដែរ៕