(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ក្រោយពីជនសង្ស័យធ្វើសកម្មភាពគាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋ បើគិតជាសាច់ប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ។

នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ថា ការតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាចោរឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានធ្វើសកម្មភាព (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) រាប់ម៉ឺនដុល្លារ គឺបានបើកប្រតិបត្តិការឡើង ស្ថិតនៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វារ ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងរបាយការណ៍លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ទៀតថា ចំពោះការតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាចោរគាស់បង្អួចផ្ទះលួចទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារម្នាក់នេះដែរ គឺបានអនុវត្តឡើង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ស៊ាង វួចណៃ ភេទស្រី ឆ្នាំកំណើត១៩៧៧ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ V០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ, លោកវរសេនីយ៍ឯក ប៊ុន សត្យា អះអាងថា ដកហូតបានវត្ថុតាង រួមមាន៖ ប្រាក់ដុល្លារចំនួន២២,០០០ដុល្លារអាមេរិក (ពីរម៉ឹនពីរពាន់ដុល្លារអាមេរិក), នាឡិកាដៃចំនួន ០១គ្រឿងម៉ាកLONGINE ខ្សែពណ៌ខ្មៅ, ទូរសព្ទ័ដៃម៉ាក អាយហ្វូនអ៊ីចម៉េក ព៌ណទឹកមាស ស៊ីម កាតលេខ ០៧០ ៨៨៤ ៣៣៣ ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក Iphone១១ProMax ពណ៌បៃតង ចំនួន០១គ្រឿង។

តែបើតាមការអះអាងរបស់ជនរងគ្រោះឈ្មោះ ស៊ាង វួចណៃ ថាបានបាត់សម្ភារ រួមមាន៖ ដុំមាសមួយដុំ ទម្ងន់កន្លះគីឡូ, ប្រាក់រៀ ចំនួន៤,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, ពេជ្រពីរឈុតតម្លៃ៣៨,០០០ដុល្លារអាមេរិក, ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ប្រូ ស៊ីមកាតលេខ០៨៥ ៦៦ ១២ ១៥ ចំនួន០១គ្រឿងទៀត។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីមុនកើតហេតុការណ៍ (ចម្លើយសារភាពរបស់ជនសង្ស័យ) យ៉ាងដូច្នេះថា៖ ជនសង្ស័យឈ្មោះ ម៉ៅ ដា បានដើរចេញពីផ្ទះជួលគ្មានលេខរបស់ខ្លួន មកពួនសំងំក្នុងដីឡូតិ៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ លុះដល់វេលាម៉ោងប្រហែល២៣ និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យក៏បានឡើងតាមដំបូលខាងក្រោយ មកធ្វើសកម្ម ភាពយកដៃទាញគាស់បង្អូចផ្ទះរបស់ជនរងគ្រោះដែលពុំមានលក្ខណៈរឹងមាំ រួចចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានសម្រេចហើយរួចគេចខ្លួនបាត់៕