(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំ ក្រុមការងារនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារក្នុងស្រុកព្រៃឈរ ដែលកំពុងជួបការខ្វះខាត ក្នុងកំឡុងពេលការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក អ៊ុន ចាន់ដា បានលើកឡើងថា នៅក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រាន់តែនៅ តំបន់ខ្លះ មានចំនួនច្រើន និងតំបន់ខ្លះទៀតមានចំនួនតិច។ ប៉ុន្តែទន្ទឹមនឹងនោះថ្នាក់ដឹកនាំអាជ្ញាធរខេត្ត បានខិតខំកៀងគររកជំនួយពីសប្បុរសជននានា ដើម្បីបានជា អំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា យកមកផ្តល់ជូនដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត។

លោកអភិបាលខេត្តបន្តថា នៅក្នុងស្រុកព្រៃឈរ ជាតំបន់មួយដែលមានប្រជាពលរដ្ឋធ្វើការនៅតាមរោងចក្រច្រើន ហើយក៏ជាប្រការនាំជំងឺមកចម្លងក្នុងសហគមន៍ផងដែរ។ ប៉ុន្តែកន្លងមកនេះក្រោមការខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច បានទប់ស្កាត់កាត់ផ្ដាច់នូវខ្សែចម្លងនៃជំងឺនេះ ចូលក្នុងសហគមន៍បានទាន់ពេលវេលា។ អ្វីដែល ជាដំណោះស្រាយល្អបំផុតនោះគឺប្រជាពលរដ្ឋត្រូវរួមគ្នាការពារធ្វើយ៉ាងណា កុំឲ្យមានជំងឺនេះ ឆ្លងបន្តទៅទៀត គឺមានតែនាំគ្នាទៅចាក់វ៉ាក់សាំងទេ ដែលអាចការពារ ជំងឺកូវីដនេះបាន នឹងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដែលជាអាវក្រោះដ៏សំខាន់ ក្នុងការការពារកុំឱ្យឆ្លងជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង២៥០គ្រួសារ នៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្គ ២៥ គីឡូក្រាម, ត្រីខកំប៉ុង ១យូរ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ៕