(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មានដីព្រៃលិចទឹកតំបន់៣ នៅចំណុចព្រែកថ្លាន់ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រមាណជាង ១០ហិកតា ត្រូវបានគេកាប់ទន្ទ្រានយកជាកម្មសិទ្ធិ។

ចំពោះករណីនេះ ក្រុមចម្រុះដឹកនាំដោយមន្ត្រីជំនាញ បានចុះទៅត្រួតពិនិត្យជាក់ស្ដែងនៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ និងបានបញ្ជាក់ថា ពិនិត្យឃើញតែជាង៨ហិកតាប៉ុណ្ណោះដែលរងការកាប់ទន្ទ្រាន និងកំពុងស្រាវជ្រាវរកមុខសញ្ញាកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង តាមទូរស័ព្ទឱ្យដឹងថា «ក្រោយពីទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋឃុំកំពង់ព្រះគគីរ ពាក់ព័ន្ធនឹងបទល្មើសបំផ្លាញដីព្រៃលិចទឹកខាងលើនេះ មន្ត្រីជំនាញបានសហការជាមួយក្រុមចម្រុះ មានលោកមេឃុំ សហគមន៍ និងមន្ត្រីនគរបាលមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្ដែងឥឡូវនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

ក្រោយពីបានចុចនិយាមការពិនិត្យឃើញថា ព្រៃលិចទឹកបានរងការខូចខាតនៅចំណុចខាងលើនេះសរុបចំនួនជាង ៨ហិកតា ក្នុងនោះបានកាប់ថ្មីអស់ ១ហិកតា និងជាង ៧ហិកតាទៀត បានកាប់កាលពីឆ្នាំកន្លងទៅ។ ករណីនេះដែរ សមត្ថកិច្ចជំនាញនិងបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ។

មន្ត្រីជំនាញក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ និងសហគមន៍ សូមសហការគ្នារាយការណ៍ឱ្យបានទាន់ពេលវេលា ករណីឃើញមានបទល្មើស កើតឡើងដូចខាងលើដោយត្រូវរាយការណ៍មកជំនាញជាបន្ទាន់ ដើម្បីរួមគ្នាការ ពារព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិឱ្យបានគង់វង្សសម្រាប់កូនចៅយើងតទៅអនាគត៕