(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តបានក្រើនរំលឹកដល់មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ រួមសហការគ្នា ក្នុងការពិនិត្យរាល់បញ្ហាប្រឈម បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់គាត់ឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត។

ការក្រើនរំលឹកបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែមិថុនា ឆ្នាំ២០២១ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម បញ្ហាសំណូមពរមួយចំនួនរបស់ប្រជាពរដ្ឋ តាមរយៈវីដេអូ Zoom ពីបណ្ដាមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាល ក្រុង ស្រុកក្នុងខេត្ត នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ បានថ្លែងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងមូល ដើម្បីចូលរួមមតិយោបល់ ពិនិត្យ ពិភាក្សា ពីវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក និងការដាក់ចេញទិសដៅអនុវត្តបន្ត ឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការធានាបាននូវរបៀបរៀបរយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ បានកាន់តែរីកចម្រើនល្អប្រសើរឡើងថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត។

នៅក្នុងកាលៈទេសៈពាក់ព័ន្ធជុំវិញពិស្ថានភាពការឆ្លងរីករាលដាលជំងឺកូវី១៩ ដែលបាននិងកំពុងតែបន្ត ក៏ត្រូវមានការយកចិត្តទុកដាក់ ជំរុញផ្សព្វផ្សាយពីការអនុវត្តវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានទូលំទូលាយសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺមូយនេះចូលក្នុងសហគមន៍បន្ថែមទៀត។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ជំនាញ និងអាជ្ញាធរក្រុង ស្រុក ពាក់ព័ន្ធរាល់បញ្ហាបាតុភាពអសកម្មទាំងឡាយណា ដែលកើតឡើងនៅក្នុងមូលដ្ឋាននោះ ត្រូវរួមគ្នាដោះស្រាយឱ្យបានឆាប់ចប់ជាបន្ទាន់ បញ្ចៀសឱ្យបាននូវបញ្ហាតូច ទុកចោលឲ្យកើតឡើងជារឿងបញ្ហាធំ ដែលមិនមានការដោះស្រាយទាល់តែសោះ។

ទន្ទឹមនឹងនេះដែរ លោក ជាវ តាយ បានគូសបញ្ជាក់ថា ជាពិសេសពាក់ព័ន្ធបញ្ហាបទល្មើស នៃការរំលោភបំពាន ដីចំណីព្រែក ដីបឹង ដីព្រៃឈើ ដែលជាដីសាធារណៈរបស់រដ្ឋ ពីសំណាក់បុគ្គល និងប្រជាពលរដ្ឋមួយចំនួន នៅក្នុងភូមិសាស្ត្រនៃខេត្តកំពត ដែលតែងតែបន្តកើតមានឡើងជាបន្តបន្ទាប់នោះ សូមឱ្យជំនាញ និងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងទិសដៅផែនការ ដែលបានកំណត់ ផ្អែកតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តនូវចំណាត់ការ ឱ្យបានម៉ឺងម៉ាត់ច្បាស់លាស់ លើវិធានការច្បាប់ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យបុគ្គលល្មើសច្បាប់មួយចំនួន បន្តប្រព្រឹត្តមិនកោតក្រែង ចំពោះអាជ្ញាធរ ឬច្បាប់បន្តទៀតបានឡើយ បើបញ្ហានេះនៅតែកើតមានឡើង គឺជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ និងរបៀបរៀបរយ សន្តិសុខសណ្ដាប់ធ្នាប់សង្គមពុំខានឡើយ៕