(ភ្នំពេញ)៖ សំណង់ចេតីយ៍ថ្មីដ៏រឹងមាំមួយ បានលេចរូបរាងឡើងជាលើកដំបូងនៅលើទីតាំងទួលធាតុ ស្ថិតក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរឃុំចាម ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមដើម្បីថែរក្សាអដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម និងដើម្បីជាការរំឭកពីការចងចាំអំពីរឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងឃុំចាមនាសម័យនោះ។

ការសាងសង់សំណង់ចេតីយ៍នេះឡើង បានឆ្លើយតបទៅនឹងគម្រោងសំណងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចេញសេចក្តីសម្រេច នៅក្នុងសាលក្រមរបស់ខ្លួនចាប់តាំងពីសំណុំរឿង០០២/០១ ដើម្បីផ្តល់សំណងជាសមូហភាព ក្នុងគោលបំណងឲ្យមានការទទួលស្គាល់ជាផ្លូវការ ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម កាត់បន្ថយព្យសនកម្ម និងការឈឺចាប់ទាំងឡាយដែលជនរងគ្រោះបានជួបប្រទះ និងថែរក្សាការចងចាំជាសមូហភាព និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

មជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោមការសហការពីអាជ្ញាធរមូលដ្ឋានឃុំចាមក្នុងការផ្តល់ទីតាំងសាធារណៈមួយកន្លែងសម្រាប់សាងសង់ បានឯកភាពចំពោះសំណូមពរពីជនរងគ្រោះ និងបានចាប់ផ្តើមសាងសង់សំណង់ចេតីយ៍ និងផ្ទាំងពាក្យស្លោកស្តីពីការរំឮកការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំដដែល ជាមួយនឹងទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ នៅលើទីតាំងទួលធាតុ ស្ថិតនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្ពព្រៃវែង។

មុនរបបខ្មែរក្រហម ទួលធាតុគឺជាទីកន្លែងសាធារណៈដែលអ្នកភូមិបានបញ្ចុះសាកសពសាច់ញាតិរបស់ខ្លួនដែលបានស្លាប់។ បច្ចុប្បន្ន ទួលធាតុ បានក្លាយជាកន្លែងដែលអ្នកភូមិមកបន់ស្រន់ និងធ្វើបុណ្យឧទ្ទិសកុសល្យដល់សាច់ញាតិរបស់ខ្លួនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ និងថ្ងៃទិវានៃការចងចាំ នៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ។ ទីតាំងនេះស្ថិតនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យោងទៅតាមប្រធានភូមិរោង មានអ្នកភូមិប្រហែលពី ៦០ ទៅ ១០០ នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម ហើយរាប់រយនាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីប្រជាជនទាំងនោះត្រូវបានខ្មែរក្រហមជម្លៀសទៅកាន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះ មានប្រជាជនចំនួន ៣.៣០២ គ្រួសារ ឬប្រមាណ ១៣.៣០៧ នាក់រស់នៅក្នុងភូមិរោង។ ទួលធាតុមានទីតាំងនៅចំកណ្តាលភូមិរោង។ នៅចម្ងាយប្រហែល ២គីឡូម៉ែត្រ ភាគខាងត្បូងភូមិរោង មានទីតាំងសម្លាប់របស់ខ្មែរក្រហមមួយ ហើយវាត្រូវបានប្រជាជនហៅថាទីតាំងសម្លាប់ជាងដែក។

មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រគល់សំណង់ចេតីយ៍ និងផ្ទាំងពាក្យស្លោកនេះ ជូនទៅអ្នករស់រានមានជីវិតទាំងអស់ដែលកំពុងរស់នៅក្នុងឃុំចាម ស្រុកកំពង់ត្របែក តាមរយៈ «សមាគមអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម» ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិត ក្រោយរបបខ្មែរក្រហមទាំងអស់ ក្នុងការថែរក្សា ចាត់ចែង រៀបចំ និងបង្កើតយន្តការការងារស្តីអំពីការថែរក្សា ការចងចាំ ការផ្សះផ្សា និងការទប់ស្កាត់អំពើហិង្សានានា និងអំពើប្រល័យពូជសាសន៍នៅក្នុងកម្រិតសហគមន៍ខ្លួន និងកម្រិតទូទាំងប្រទេស។

លោក មុំ វ៉ែន ជាប្រធានក្រុមប្រឹក្សាឃុំចាម និងជាប្រធានសមាគមអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម បានថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅលើទីទួលសាងសង់សំណង់ចេតីយ៍ថា លោកមានក្តីសោមនស្សរីករាយជាខ្លាំង ចំពោះអំណោយដ៏ថ្លៃថ្លារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងសូមអរគុណជាអនេកចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា និងម្ចាស់ជំនួយ ដែលបានគិតគូរយ៉ាងវែងឆ្ងាយ ពីសំណងសមូហភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានធ្វើឲ្យសំណងនេះ លេចរូបរាងឡើងពិតប្រាកដនៅក្នុងឃុំរបស់គាត់។

លោក មុំ វ៉ែន បន្តថា លោកនិងសមាជិកទាំងអស់នៅក្នុងសមាគមអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម នឹងសហការគ្នាជាធ្លុងមួយក្នុងការថែរក្សាសំណងនេះឲ្យស្ថិតស្ថេរជានិរន្តរ៍ និងខិតខំរិះរកមធ្យោបាយនានាក្នុងការបង្កើតឡើងនូវកម្មវិធីមួយចំនួន ដែលជាគន្លឹះក្នុងការផ្សារភ្ជាប់ប្រវត្តិសាស្ត្រខ្មែរក្រហម ពីអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម និងក្មេងៗជំនាន់ក្រោយ៕

ដោយ៖ ផេង ពង្សរ៉ាស៉ី នាយកកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា