(កណ្ដាល)៖ រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បាននាំនូវគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋមានជីវភាពទាប នៅក្នុងមូលដ្ឋានស្រុកពញាឮ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការឆ្លងរាតត្បាត នៃជំងឺកូវីត-១៩ ចំនួន១,៦៣៦គ្រួសារ។

ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម, ទឹកត្រី ទឹកស៉ីអ៉ីវ ចំនួន០១យួរ, ត្រីខ ចំនួន០១យួរ និងមីចំនួន ០១កេសតូច។

សូមជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ លោក លឹម គានហោ បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ និងបានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ សាប៊ូលាងដៃ អាល់កុល ម៉ាស់ និងឧបករណ៍តេស្តរហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ ដែលកំពុងរីករាលដាលកាន់តែច្រើន។

ជាមួយនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះផងដែរ គ្រប់មណ្ឌលចត្តាឡីស័កទាំងអស់ នៅក្នុងស្រុកពញាឮ ត្រូវបានប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយបានទទួលព្យាបាលអ្នកជំងឺសរុបមានចំនួន ៨៧៨នាក់ (ជាសះស្បើយចំនួន ៧៨៨នាក់) ក្នុងនោះមានអ្នកស្លាប់ចំនួន ០៩នាក់។ បច្ចុប្បន្ន បាននិងកំពុងទទួលព្យាបាលអ្នកជំងឺចំនួន៩០នាក់។

ក្រៅពីនោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ មានចំនួនប្រមាណ១,០៧៤នាក់ទៀត៕