(ស្ទឹងត្រែង)៖ តំបន់ជាច្រើនក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ត្រូវបានបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ហើយកម្លាំងប្រដាប់អាវុធ សហការជាមួយអាជ្ញាធរមូលដ្ឋាន កំពុងប្រចាំការការពារនៅតាមតំបន់ទាំងអស់នោះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ១៩។

ដោយមើលឃើញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ជាមួយអាជ្ញាធរ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះចែកអំអោយដល់កងកម្លាំងបិទខ្ទប់មាន០៨គោលដៅរបស់ស្រុកចំនួន៣។

ក្នុងនោះរួមមាន ទី១៖ ស្រុកសេសាន០៦កន្លែង មានព្រំប្រទល់ខេត្តរតនះគីរី និងខេត្តស្ទឹងត្រែង, ទី២៖ ស្រុកសៀមបូក ០១កន្លែង ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងទី៣៖ ព្រំប្រទល់ខេត្តព្រះវិហា និងខេត្តស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ ០១កន្លែង។

តាមគោលដៅនីមួយៗ ទទួលបាន អង្ករចំនួន ២២គីឡូក្រាម, មីម៉ាម៉ាចំនួន ៣កេសតូច, ទឹកត្រីចំនួន ០២យួរ, ម៉ាសចំនួន ២០០ម៉ាស, ឆ័ត្រធំ០១ និងត្រីស្រស់ចំនួន ១០គីឡូក្រាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាននាំនូវការផ្ដាំផ្ញើពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំងអស់ ដែលបានចូលរួមការពារនៅតាមគោលដៅបិទខ្ទប់ក្នុងមូលដ្ឋាន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានក្រើនរំលឹកដល់មន្ដ្រីទាំងអស់ដែលអនុវត្តតួនាទីភារកិច្ចនាពេលនេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ពិសេសអនុវត្តតាមវិធាន «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជានៅក្នុងប្រទេសកម្ពុជា៕