(កំពត)៖ យុវជនម្នាក់បានបើកម៉ូតូម៉ាកត្រៃ ក្នុងល្បឿនលឿន គេចរថយន្តជ្រុលទៅបុកសសររោងលក់ផ្លែធុរ៉េន បណ្តាលឲ្យដួលបាក់ក និងបែកគ្រាប់ភ្នែកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវទៅរម្មណីយ៍ដ្ឋានទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព fresh news ថា៖ ជនរងគ្រោះ ឈ្មោះលី ចន្ថា អាយុ២៥ឆ្នាំ រស់នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះជិះម៉ូតូម៉ាកត្រៃ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1J-7949។ មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ហើយបើកវ៉ារថយន្តពីមុខ១គ្រឿងទៀត ប៉ុន្តែចៃដន្យមាន​រថយន្តបើកមកបញ្ច្រាស់ទិសគ្នា។ ជនរងគ្រោះបានបើកគេចរថយន្ត ជ្រុលចង្កួតទៅឆ្វេងដៃហើយបុកទៅនឹងសសររោង​លក់ផ្លែធុរ៉េន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តងទៅ៕