(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៨ មីនា ២០១៦ នេះ សម្ដេចតេជោហ៊ុន សែន បានអនុញ្ញាតឲ្យ ថោងលន់ ស៊ីសូលីត (Thongloun SISOULITH) ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួង​ការបរទេស​ឡាវ ព្រមទាំងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ប្រភពព័ត៌មានពី Facebook របស់សម្តេចតេជោបានឲ្យដឹងថា ក្នុងជំនួបនោះ លោក ថោងលន់ ស៊ីសូលីត បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ របស់លោក​បាន​ចូលជួបសម្ដែងការគួរសម។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តួចផ្តើមឲ្យមាន ការប្រកួតកីឡាជាមិត្តភាព រវាងកីឡាបាល់ទាត់ Laos All Stars និង កីឡាបាល់ទាត់កម្ពុជា Cambodia All Stars ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ។ ជាពិសេស សម្តេចតេជោ តែងតែគំាទ្រ និងលើកទឹកចិត្តដល់យុវជន ដើម្បីរិតចំណងមិត្ដភាពល្អរវាងគ្នានិងគ្នា និងដើម្បីលើកកម្ពស់សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែខ្លាំងរឹងមាំថែមទៀត។

នៅក្នុងជំនួបកាលពីរសៀលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ រដ្ឋាភិបាលឡាវ ព្រមទាំង ថោងលន់ ដែលបាននាំក្រុមបាល់ទាត់ឡាវ មកប្រកួតជាមួយក្រុម​បាល់ទាត់កម្ពុជានៅថ្ងៃនេះ ។ សម្តេចតេជោ នឹងមើលការផ្សាយបន្តផ្ទាល់អំពីការប្រកួត​នៅពេលល្ងាចនេះ ហើយសូមជូនពរកីឡាករ បាលទាត់កម្ពុជា​ទទួលបានជោគជ័យជាបន្តទៀត៕