(​ប៉េកាំង​)៖ ទីបំផុត​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និត​បំផុត​របស់​កូរ៉េខាងជើង​នោះ បាន​ចេញ​មុខ​ព្រមាន ជា​ផ្លូវការ​ទៅលើ​ទីក្រុង​ព្យុង​យ៉ាង ជុំវិញ​ការបាញ់​មី​ស៊ី​លពីរ​គ្រាប់​កាលពី​ព្រឹក​មិញ ហើយ​ទីក្រុង​ប៉េកាំង​ក៏​បាន អំពាវនាវ​បន្ថែមទៀត ឲ្យ​ប្រទេស​ជិតខាង​មួយ​នេះ​អនុវត្តន៍​ឲ្យបាន​ទៅតាម​ដំណោះស្រាយ​របស់​អន្តរជាតិ (UNSC) និង មិន​ត្រូវ​បង្ក​ភាព​តានតឹង​ណា​មួយ​នៅ​ឧបទ្វីប​កូរ៉េ​ទៀតឡើយ​។

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ នេះ​ទៀត​ថា ការព្រមាន​របស់ ចិន​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ដោយ​ក្នុង​នោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ឆ្លើយតប​ទៅ​នឹង​សំនួរ​អ្នកសារព័ត៌មាន ដែល​បាន​សួរថា​តើ​ចិន​មាន​ជំហរ​បែប​ណា នៅពេល​ដែល​កូរ៉េខាងជើង បាន​បង្កើន​ភាព​តានតឹង​ថែម​ទៀត តាមរយៈ​ការបាញ់​គ្រាប់​មី​ស៊ី​ល​ឈ្មោះថា រ៉ូ​ដុង (Rodong) កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​៕​