(​ណៃ​ពិដោ​)៖ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថ្មី (​ភូមា​) លោក U Htin Kyaw នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំសភា ដើម្បី​ធ្វើ​ការកាត់បន្ថយ​ក្រសួង ដែល​តាម​ការ​គម្រោង មាន​ក្រសួង​ប្រមាណ ៧៥​ភាគរយ ​នឹង​ត្រូវ​កាត់បន្ថយ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​មី​យ៉ាន់​ម៉ា​ថា​ម ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​មីនា​នេះ​។​

​លោក U Htin Kyaw បានឲ្យដឹងថា បច្ចុប្បន្ន​មាន​ក្រសួង​ចំនួន ៣៦ ប៉ុន្តែ​នៅ​ថ្ងៃនេះ លោក​នឹង​លើកយក​ផែនការ​កាត់បន្ថយ​ចំនួន​ក្រសួង​ទៅ​ពិភាក្សា​គ្នា​នៅក្នុង​សភា ​ដោយ​តាម​គោលការណ៍​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) គឺ​រក្សា​ទុក​ត្រឹមតែ ១៨​ក្រសួង​ប៉ុណ្ណោះ ក្នុងនោះ​មាន​ក្រសួង​សំខាន់ៗ​៣​គឺ​ក្រសួង​មហាផ្ទៃ​, ក្រសួង​ការពារជាតិ និង​ក្រសួង​កិច្ចការ​ព្រំដែន​។​

​ផែនការ​នេះ មាន​គោលបំណង​កាត់បន្ថយ​ការចំណាយ​ជា​ចម្បង​នៅ​ក្នុង​ការកាត់បន្ថយ​ឱនភាព​ថវិកា​ជាតិ​។ «​ហេតុផល​សំខាន់​សម្រាប់​ការកាត់បន្ថយ​ចំនួន​នៃ​ក្រសួង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។ ប្រទេស​យើង​គឺជា​ប្រទេស​មួយ ដែល​មាន​ប្រជាជន​ក្រីក្រ​ខ្លាំង ដូច្នេះ​យើង​ចង់​គ្រប់គ្រង​ជាមួយ​ការចំណាយ​តិច»​។ នេះ​ជា​សំដី​របស់​លោក U Tun Tun Hein សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​កណ្តាល​បក្ស NLD៕​