(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោងចំណាយថវិកា ១៧០លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងឲ្យគ្រប់ ២០លានដូស គិតត្រឹមខែសីហា ក្នុងការចាក់ជូនពលរដ្ឋ ១០លាននាក់។ នេះបើតាមលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

ក្នុងឱកាសទទួលវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបញ្ជាទិញពីចិន ១លានដូស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក វង្សី វស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ យើងទទួលបានជំនួយជាង ៣សែន ពីកូវ៉ាក់ និងជំនួយ ២លាន២សែនដូស ពីរដ្ឋាភិបាលចិន ហើយសល់ប៉ុន្មាន យើងទិញទាំងអស់ ក្នុង ២០លានដូសនេះ។ (ការទិញនេះ) យើងចំណាយប្រហែល ១៧០លានដុល្លារ»

សូមជម្រាបថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ដែលបញ្ជាទិញពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស។ បូករួមទាំងវ៉ាក់សាំង ដែលមកដល់កម្ពុជានៅក្នុងសប្តាហ៍នេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ១១លានដូស លើចំនួនវ៉ាក់សាំងក្នុងផែនការប្រមាណ ២៣លានដូស។

តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពន្លឿនលើការងារចាក់វ៉ាក់សាំងវ៉ាក់សាំងផងដែរ។ គិតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ ខណៈផែនការគ្រោងចាក់ជូនពលរដ្ឋ រហូតដល់ ១៣លាននាក់។

វ៉ាក់សាំងដែលកម្ពុជាទទួលបានសម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជាវ៉ាក់សាំងពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វត្តមានវ៉ាក់សាំងចិន នៅកម្ពុជានេះ កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ក៏ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។

ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច៕