(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសចិននៅតែជាប្រភពដ៏សំខាន់ ក្នុងការរុញច្រានកំណើន សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងស៉ីវ៉ាក់ ១លានដូស ដែលបញ្ជាទិញពីប្រទេសចិន លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «ចិននៅតែជាប្រភពសំខាន់ ក្នុងការរុញច្រានកំណើន សេដ្ឋកិច្ចកម្ពុជា។ ទី១៖ តាមរយៈពាណិជ្ជកម្ម ដោយការនាំចេញទៅចិនកើនខ្លាំង គឺវិស័យកសិកម្ម ហើយឥឡូវនេះ មានវិស័យកម្មន្តសាលមួយចំនួន ចាប់ផ្តើមនាំចេញទៅចិនផងដែរ។ ទី២៖ ចិនជាប្រភពវិនិយោគ ដែលសព្វថ្ងៃ យើងឃើញវិនិយោគិនជាហូរហែនៅតែមានមកកម្ពុជា ដែលមួយចំណែកធំមកពីចិន ហើយប្រភពលុយ គឺមកពីចិនខ្លួនឯង និងមួយទៀត គឺបរទេស ដែលវិនិយោគនៅចិន ហើយចង់បង្វែរការវិនិយោគមកកម្ពុជា»

លោករដ្ឋមន្ត្រីបន្តថា ប្រសិនបើកម្ពុជា អាចគ្រប់គ្រងជំងឺកូវីដ១៩ បានល្អនឹងផ្តល់ឱកាសធំសម្រាប់ទាក់ទាញវិនិយោគ ដោយសារប្រទេសដែលជាគូប្រជែងរបស់កម្ពុជា កំពុងជួបបញ្ហាដូចជា មីយ៉ាន់ម៉ា បង់ក្លាដេស ដូច្នេះបើកម្ពុជាគ្រប់គ្រងបានល្អជាងគេ នោះអ្នកបញ្ជាទិញ អ្នកវិនិយោគ អ្នករកស៊ី នឹងសម្រុកមកកម្ពុជាច្រើន។

ចំពោះវិស័យទេសចរណ៍រវាងកម្ពុជា និងចិន ត្រូវបានលោក វង្សី វិស្សុត មើលឃើញថា ជាទីផ្សារធំសម្រាប់កម្ពុជា ប៉ុន្តែដោយសារជំងឺកូវីដ១៩ គឺត្រូវការពេលវេលាយូរបន្តិច ដើម្បីរៀបចំកិច្ចព្រមព្រៀងជាមួយគ្នា លើការធ្វើដំណើរដឹកជញ្ជូនឆ្លងប្រទេស ក្នុងបរិបទនៃការរស់នៅតាមបែបគន្លងថ្មី។

លោករដ្ឋមន្ត្រីបន្ថែមថា ប្រទេសចិនមិនត្រឹមតែជាប្រទេស ជួយរុញសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេស ដែលផ្តល់ជំនួយដល់កម្ពុជាច្រើនជាងគេ រួមទាំងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យកម្ពុជាផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០២០ កម្ពុជាទទួលបានការវិនិយោគពីប្រទេសចិន ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីការវិនិយោគរបស់ប្រទេស ខេមិនអាយលែន។ ការវិនិយោគចិន មានប្រមាណ២០% នៃការវិនិយោគទាំងអស់ ដែលមានទឹកប្រាក់វិនិយោគ ស្មើនឹងប្រមាណ ១៦០០លានដុល្លារ៕