(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ ទោះបីមានការផ្ទុះឡើង នូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងការបិទខ្ទប់ទ្រង់ទ្រាយធំក្តី ក៏នៅមានសមត្ថភាពអាចរស់បាន ហើយថែមទាំងអាចធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការនាំចេញផងដែរ។

ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១លានដូស ដែលបានបញ្ជាទិញពីប្រទេសចិន។

លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «ការនាំចេញទំនិញនៅរយៈពេល៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថា ទំនិញដែលយើងនាំចេញទៅក្រៅដកមាសចេញ នៅតែកើន ១៧ភាគរយ»

លោកបន្តថា ៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ប្រហាក់ប្រហែលនឹងការនាំចេញ៥ខែដំបូង កាលពីឆ្នាំមុន។ ផ្ទុយទៅវិញទំនិញមិនមែនសម្លៀកបំពាក់ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ ទំនិញកសិកម្ម ក្តាបន្ទះ បន្ទះសូឡាជាដើម កើនឡើង ៥២ភាភាគរយ ដែលបានឆ្លុះបញ្ចាំងអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងបរិបទជំងឺកូវីដ១៩ ខណៈវិស័យពីរដែលជួបបញ្ហាក្នុងវិបត្តិនេះ គឺវិស័យទេសចរណ៍ និងវិស័យលក់រាយ។

លោកបន្តថា «៥ខែនេះបង្ហាញថា យើងនៅតែទប់ទាល់បាន ប៉ុន្តែឲ្យដូចអ្វីដែលយើងគ្រោងទុកពីដើមឆ្នាំមក កំណើនសេដ្ឋកិច្ច ៤ភាគរយ មានការប៉ះពាល់ ហើយការប៉ះពាល់នេះ ត្រូវរង់ចាំដល់ចុងឆ្នាំទៀត បើសិនសេដ្ឋកិច្ចយើងងើប បានក្នុងកំឡុងខែកញ្ញា-តុលា យើងនៅតែមានសង្ឃឹម អត្រាកំណើន៤ភាគរយនៅសម្រេចបាន អាស្រ័យលើការផ្ទុះឡើងនៃជំងឺកូវីដ១៩ បន្តទៀតឬយ៉ាងណា ? បើបន្តផ្ទុះដូចសព្វថ្ងៃ គឺពិបាក»

សូមជម្រាបថា ទោះបីសេដ្ឋកិច្ចកម្ពុជា កំពុងតែជួបការលំបាក ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្តីក៏ស្ថាប័នអន្តរជាតិព្យាការណ៍ថា នៅឆ្នាំនេះកម្ពុជា នៅតែមានកំណើនសេដ្ឋកិច្ច វិជ្ជមាន។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៤០% នៅឆ្នាំនេះ និង៥.៥% ក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូ ពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។ ចំណែកធនាគារពិភពលោក (World Bank) ព្យាករណ៍ទុកថា សេដ្ឋកិច្ចកម្ពុជា នឹងទទួលបានកំណើនជិត៤ភាគរយ៕