(ភ្នំពេញ)៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ ២០លានដូស នៅត្រឹមខែសីហា ហើយគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យរួចរាល់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ការទទួល និងចាក់វ៉ាក់សាំងនៅកម្ពុជា គឺសម្រេចបានលឿនជាងផែនការដែលបានគ្រោងទុក។ កត្តាដែលនាំឱ្យជោគជ័យនេះ គឺការប៉ិនប្រសប់ក្នុងការកសាងផែនការ និងការរកទិញវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមួយទៀត គឺការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលចិន។

រាជរដ្ឋាភិបាលកម្ពុជា បានទទួលវ៉ាក់សាំងរួចរាល់ចំនួនជាង ១០លានដូសរួចហើយ ខណៈថ្ងៃទី២៨ ខែមិថុនា ទទួលបាន ១លានដូសទៀត, ខែកក្កដា ទទួលចំនួន ៥លានដូស និងខែសីហា ទទួលចំនួន ៤លានដូស។

ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្ពុជាបានប្រើថវិកា ១៧០លានដុល្លារសម្រាប់ទិញវ៉ាក់សាំងនេះ។

លោក វង្សី វិស្សុត បានលើកឡើងថា នេះជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសេនាធិការជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីដែលពាក់ព័ន្ធ។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ដូច្នេះ «បើយើងមើលប្រទេសកម្ពុជា នៅក្នុងតំបន់នេះ នៅក្នុងអាស៊ានយើងជាប់លេខ២ ល្បឿននៃការចាក់វ៉ាក់សាំងនេះ ហើយលឿនមែនទែន។ ធនាគារពិភពលោកទាក់ទងមកខាងយើងសរសើរកម្ពុជាមែនទែន ល្បឿនចាក់វ៉ាក់សាំងនេះ ជាល្បឿនមួយដែលគេនឹកស្មានមិនដល់»

លោកបន្តថា «កត្តាចាក់បានលឿននេះ មានកត្តាពីរធំ កត្តាទី១ គឺកត្តាមានវ៉ាក់សាំង កត្តាទី២ គឺកម្លាំងចាក់។ សំខាន់បំផុតប្រទេសខ្លះមានសមត្ថភាពចាក់ ប៉ុន្តែអត់មានវ៉ាក់សាំងចាក់។ ប៉ុន្តែយើងមានឱកាសល្អមួយ គឺយើងមានវ៉ាក់សាំងគ្រប់គ្រាន់ មកដល់មុនទាន់ពេល។ សម្តេចតេជោ ហ៊ុន សែន មានតួនាទីធំណាស់ក្នុងការដឹកនាំយើងខ្ញុំជាក្រុមការងារទាំងអស់នេះ ដើរតួនាទីក្នុងការទិញ និងសុំវ៉ាក់សាំងពីគេ ក្រោមការណែនាំផ្ទាល់របស់សម្តេច។ ដូច្នេះការដឹកនាំរបស់សម្តេច និងការប្រឹងប្រែងរបស់ក្រុមការងារនេះ បានធ្វើឱ្យសម្រេចផែនការល្អ និងអាចចាត់ទុកជាជោគជ័យធំមួយសម្រាប់ប្រទេសជាតិក្នុងការប្រមូលវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានមុនផែនការ»

បើតាមលោក វង្សី វិស្សុត វ៉ាក់សាំងដែលកម្ពុជាទទួលបានរហូតដល់ខែសីហា ជាវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ មកពីប្រទេសចិន។ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវត្តមានវ៉ាក់សាំងមកពីប្រទេសចិន គឺជាផ្លែផ្កាមួយនៃចំណងទំនាក់ទំនងដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក វង្សី វិស្សុត បានគូសបញ្ជាក់ដូច្នេះ «ពិតណាស់ហើយតួនាទីនៃទំនាក់ទំនងរវាងកម្ពុជា និងចិន ដើរតួនាទីសំខាន់ដែរក្នុងការទទួលបានវ៉ាក់សាំងនេះ។ សម្តេចតេជោ គឺជាតួអង្គពិសេសមួយដែលមិត្តចិនគោរព និងឱ្យតម្លៃខ្ពស់ជាបុគ្គល ហើយជាប្រទេសវិញ ជាប្រទេសមានទំនាក់ទំនងល្អជាមួយគ្នា។ កុំភ្លេចថា ប្រទេសដែលមានទំនាក់ទំនងល្អជាមួយចិន ក៏ច្រើនដែរ ហេតុអ្វីកម្ពុជាមានលទ្ធភាពទទួលវ៉ាក់សាំងច្រើនម្ល៉េះ? ប្រទេសខ្លះទៀត មិនសូវមានទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែក៏ទទួលបានវ៉ាក់សាំងច្រើន ធៀបនឹងប្រទេសមានទំនាក់ទំនងល្អ នេះកត្តាបុគ្គលសម្តេចច្បាស់ជាដើរតួនាទីធំណាស់។ កត្តាពិសេសរបស់សម្តេចមួយទៀត គឺពូកែចរចាទិញហ្នឹងតែម្តង បត់បែនយុទ្ធសាស្ត្រទាន់ពេល។ យុទ្ធសាស្ត្រយើងបត់ច្រើនកន្លាក់ណាស់ ទម្រាំទិញបានច្រើននេះ ព្រោះយើងមិនចង់ទិញពីប្រទេសតែមួយទេដំបូងនោះ ប៉ុន្តែយើងមានយុទ្ធសាស្ត្ររុន្ធច្រើន»

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានជាង ៣.៨លាននាក់ហើយ ស្មើនឹងជាង ៣៨ភាគរយ។ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការចាក់វ៉ាក់សាំងនេះជាថ្មីផងដែរ ដើម្បីចាក់ឱ្យបានលឿនជាងពេលបច្ចុប្បន្ន។

បើតាមលោក វង្សី វិស្សុត ការចាក់វ៉ាក់សាំងបានលឿន ក៏ជាអំណោយផលល្អដល់ដំណើរការសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ លោក បានអះអាងថា បើកម្ពុជាចាក់វ៉ាក់សាំងបានរួចរាល់ ហើយគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ នោះនឹងមានឱកាសទទួលបានការវិនិយោគកាន់តែច្រើន ខណៈប្រទេសដៃគូប្រកួតប្រជែងរបស់កម្ពុជា គ្រប់គ្រងជំងឺកូវីដ១៩ មិនទាន់បានល្អ។

លោក វង្សី វិស្សុត បានបង្ហាញការរំពឹងទុកផងដែរថា បើកម្ពុជាគ្រប់គ្រងកូវីដ១៩ បានល្អ សេដ្ឋកិច្ចកម្ពុជាអាចរំពឹងកើនឡើងប្រមាណ ៤ភាគរយនៅក្នុងឆ្នាំ២០២១នេះ៕