(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា (នៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ) ចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនា តទៅ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

អភិបាលខណ្ឌច្បារអំពៅ ជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាក្នុងមូលដ្ឋានឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យ បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត។

លោក ចេង មុនីរ៉ា បានគូសបញ្ជាក់ថា «សូមអស់លោក-លោកស្រីចៅសង្កាត់ នៃរដ្ឋបាលសង្កាត់ទាំង៨ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋសេសសល់ឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋាន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនា តទៅរហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១»