(ព្រៃវែង)៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន​ចំនួន២នាក់ ហើយត្រូវបានបញ្ជូនទៅកាន់ តុលាការចាត់ការតាមច្បាប់នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦​នេះ។ លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងរបស់លោកចាប់ខ្លួន ស្ថិតនៅតាមផ្លូវជាតិលេខ១១ ភូមិបារាយខាងលិច សង្កាត់បារាយ ក្រុងព្រៃវែង។

ជនសង្ស័យទី១ឈ្មោះ ពៅ វិចិត្រ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិកំពង់លាវ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងទី២ឈ្មោះ តាំង រិតធា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅ ភូមិពោធិ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ មន្ត្រីអាវុធហត្ថបានប្រាប់ថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើរួចមក កម្លាំងធ្វើការឆែកឃើញមានប្រភេទថ្នាំញៀន៤កញ្ចប់ ម៉ូតូ Suzuki Smash 1គ្រឿង គ្មានស្លាកលេខ និងទូរស័ព្ទចំនួន២គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថកសាង​សំណុំរឿងចាត់ការតាមផ្លូវច្បាប់៕