(ស្វាយរៀង)៖ សាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានចុះផ្សព្វផ្សាយអប់រំស្តីពីម្ហូបអាហារ ដែលមានគុណភាព សុវត្ថិភាព និងអនាម័យ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ជីភូ ដឹកនាំដោយលោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្ត ដោយមានការចូលរួមពីលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួនសរុបជាង៨០០នាក់។

លោក ណាល់ វិចិត្រ បានលើកឡើងអំពីម្ហូបអាហារ​ ដែលមានសុវត្ថិភាព គុណភាព និងអនាម័យ។ លោកបានបញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងម្ហូបអាហារ ដែលមានគ្រោះថ្នាក់ ដោយរូបបវ័ន្ត គឺគ្រោះថ្នាក់ដែលយើងមើលឃើញនឹងភ្នែក ដែលបញ្ហាកើតឡើងដោយឆ្អឹង ដោយសសៃសក់ និងបញ្ហាផ្សេងៗ ជាច្រើនទៀតដែលយើងឃើញដោយរូបភាព។ បញ្ហាម្ហូបអាហារដោយប្រើគីមី ដែលហាមឃាត់មិនឲ្យប្រើក្នុងម្ហូបអាហារនេះ ក៏ជាការគ្រោះថ្នាក់មួយដែរ»

លោកក៏បានបង្ហាញអំពីរបៀបការជ្រើសរើសម្ហូបអាហារ ដែលដាក់លក់លើទីផ្សារ ចំពោះម្ហូបអាហារណាដែលយើងចាត់ទុកថា ជាម្ហូបអាហារមានសុវត្ថិភាព និងម្ហូបអាហារណាដែលគ្មានសុវត្ថិភាព។ ចុងបញ្ចប់នៃកម្មវិធីក៏មានការសាសួរ និងឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹង ម្ហូបអាហារជាច្រើនផងដែរ៕