(ភ្នំពេញ)៖ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចោទប្រកាន់ យុវជនម្នាក់ឈ្មោះ កាក់ សុវណ្ណឆ័យ ជាសមាជិកក្រុមប្រឆាំង ដោយចោទប្រកាន់ចំនួន២បទល្មើស រួមមានបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ។

យុវជន កាក់ សុវណ្ណឆ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីផ្ញើសារទៅកាន់ក្រុមតេលេក្រាម (Telegram) និងបណ្តាញសង្គម កាលពីថ្មីៗកន្លងទៅនេះ។ យុវជន កាក់ សុវណ្ណឆ័យ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

មន្រ្តីជាន់ខ្ពស់តុលាការ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ឈ្មោះ កាក់ សុវណ្ណឆ័យ បានធ្វេីសកម្មភាពញុះញង់ បង្កភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថដល់ថ្នាក់ដឹកនាំនៃព្រះរាជណាចក្រកម្ពុជា។ សកម្មភាពខុសច្បាប់ទាំងនេះ ធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមានចរិកលក្ខណៈ ជាការបំភ្លៃការពិត ញុះញង់បង្កឲ្យមានភាពចលាចល និងប៉ះពាល់ដល់សន្តិសង្គម ។

បទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បានកំណត់ទោសឱ្យជាប់ពន្ធនាគារប្រមាណពី៦ខែទៅ២ឆ្នាំ និងពិន័យប្រាក់ពី១លានទៅ៤លានរៀល។ ចំំណែកបទប្រមាថត្រូវបានកំណត់ការផ្តន្ទាទោសពី១ថ្ងៃទៅ៦ថ្ងៃ និងពិន័យប្រាក់ពី១ពាន់ទៅ១សែនរៀល៕