(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ជាថ្ងៃទី៧ហើយ នៃការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបានប៉ះពាល់ដោយប្រយោលជាមួយអ្នកឆ្លងកូវីដ១៩។

នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតនៃការហាត់ប្រាណ ដោយធាក់កង់នៅផ្ទះ។

ជាមួយនឹងរូបភាពហាត់ប្រាណ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរសារយ៉ាងដូច្នេះថា «ថ្ងៃនេះជាថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ។ ការធ្វើចត្តាឡីស័កលើកនេះចំពេលបាល់ទាត់អឺរ៉ុប។ យប់មើលបាល់ ពេលព្រឹកធ្វើការពេលល្ងាចហាត់ប្រាណ ដោយការធាក់កង់។ ជារៀងរាល់ថ្ងៃ ខ្ញុំធាក់កង់រយៈពេល៨០ទៅ១២០នាទី។ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កខ្ញុំ មិនអាចចេញពីផ្ទះទៅវាយកូនគោលបានទេ ដូចនេះការហាត់ប្រាណដោយការធាក់កង់ជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខសេចក្តីចម្រើន»

សូមជម្រាបថា កាលពីសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុក ទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ រួមទាំងការជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ ដោយសារតែសម្តេច បានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់។

ក្រុមគ្រូពេទ្យតម្រូវឲ្យសម្តេចធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១៕