(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអត្ថាធិប្បាយបញ្ហាសង្គមលើបណ្តាញសង្គម បានរិះគន់អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សថា ជាបុគ្គលដែលមិនបានជួយអ្វីដល់សង្គម ហើយចេះត្រឹមតែរាយការណ៍រឿងសិទ្ធិទៅជនបរទេស។

ការរិះគន់របស់លោក សុខ សុគន្ធ បានធ្វើឡើងក្រោយពេលអ្នកស្រី ចក់ សុភាព តែងតែចោទរាជរដ្ឋាភិបាលកម្ពុជាថាបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋលើការបញ្ចេញមតិ។ ជាពិសេសនៅពេលថ្មីៗនេះអ្នកស្រី បានចាត់ទុកចំណាត់ការផ្លូវច្បាប់របស់សមត្ថកិច្ចទៅមនុស្ស៣នាក់ ដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រថា ជាការបំបិទនូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

អ្នកស្រី ចក់ សុភាព តែងតែចេញមករិះគន់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសិទ្ធិមនុស្សនេះ។ អ្នកស្រី ក៏បានរិះគន់ផងដែរ ចំពោះរាជរដ្ឋាភិបាលលើការអនុវត្តន៍វិធានការបិទខ្ទប់ប្រទេសក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នាពេលកន្លងទៅ។

សម្រាប់លោក សុខ សុគន្ធ ចាត់ទុកអ្នកស្រី ចក់ សុភាព គឺជាបុគ្គលមួយរូបដែលមិនបានជួយអ្វីដល់សង្គមជាតិ ដែលខ្លួនកំពុងរស់នៅដោយសុខស្រួលនោះឡើយ ចេះត្រឹមបន្ទោសបង្អាប់ប្រទេសខ្លួន និងនិយាយពីប្រទេសខ្លួនទៅកាន់បរទេសប៉ុណ្ណោះ។

លោក សុខ សុគន្ធ បានលើកឡើងដូច្នេះ «រស់នៅស្រណុកសុខសប្បាយក្នុងសង្គមកម្ពុជា តែមិនដែលឃើញសង្គមខ្លួនឯងជួយកសាងអីទេ ក្រៅតែពីជួយប្រាប់ពួកស្បែកស ពួកបរទេសថា កម្ពុជាខ្វះសិទ្ធិ»