(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីពិភាក្សាអំពីសំណើរបស់រាជរដ្ឋាភិបាល ដែលសុំរុះរើគណៈរដ្ឋមន្រ្តី។

លោក ប៉េងឡុង បានបញ្ជាក់ថា ការពិភាក្សានោះ នឹងធ្វើឡើងដើម្បីរៀបចំ កិច្ចប្រជុំសភាវិសាមញ្ញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្ត លើការរៀបចំគណៈរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជំរាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីការស្នើរុះរើគណៈរដ្ឋមន្រ្តី ពាក់កណ្តាលអាណត្តិនេះ ក្នុងនោះមានឧបនាយករដ្ឋមន្រ្តី២រូប និងរដ្ឋមន្រ្តី១រូប ត្រូវបានបញ្ចប់តំណែង ហើយក៏មានការផ្លាស់ប្តូររដ្ឋមន្រ្តី នៅក្រសួងចំនួន៧ផងដែរ៕