(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ «ពិធីបុណ្យផ្កាយអនឡាញ២០២១» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។

តាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាបុណ្យប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដានៅប្រទេសជប៉ុនដើម្បីរំឮកដល់រឿងគូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណុហ្គាវ៉ា។ ពួកគេត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញតែម្តង គត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ នៅថ្ងៃនោះ ប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឱ្យបំណងប្រាថ្នានោះក្លាយជាការពិត។

ក្នុងអំឡុងពេល «ពិធីបុណ្យផ្កាយអនឡាញ២០២១» នៅក្នុងប្រទេសកម្ពុជា ស្ថានទូតជប៉ុន នឹងតុបតែងដើមឫស្សីនៅស្ថានទូតជប៉ុន។ ស្ថានទូតជប៉ុន អញ្ជើញសាធារណ:ជនចូលរួមកម្មវិធី «ពិធីបុណ្យផ្កាយអនឡាញ២០២១» ដោយផ្ញើបំណងប្រាថ្នាផ្សេងៗចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ទៅកាន់ស្ថានទូត។

រាល់បំណងប្រាថ្នាដែលបានផ្ញើទៅ នឹងត្រូវព្យួរនៅលើមែកដើមឫស្សី នៅស្ថានទូតជប៉ុនជាមួយនឹងគ្រឿងតុបតែងលំអរដទៃទៀត ហើយដើមឫស្សីនោះនឹងត្រូវបានបង្ហាញនៅក្នុងវីដេអូនៃ «ពិធីបុណ្យផ្កាយអនឡាញ២០២១»

លោកអ្នកអាចផ្ញើបំណងប្រាថ្នារបស់លោក លោកស្រីដោយសរសេរ ឈ្មោះផ្ទាល់ខ្លួន ឬរហ័សនាម (ឈ្មោះហៅក្រៅ) និងបំណងប្រាថ្នា ជាភាសាខ្មែរ ឬភាសា ជប៉ុន ឬភាសាអង់គ្លេសតាមតំណភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/pNBfQ2k4ithjAB816

សម្រាប់ព័ត៌មានបន្ថែមស្តីពីពិធីបុណ្យនេះ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកនៃពិធីបុណ្យផ្កាយអនឡាញ២០២១៖ «https://fb.me/e/4maLxGM5B»៕