(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងតាមរយៈ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលប្រមុខការទូតអង់គ្លេសបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។

ក្រសួងការបរទេសបានអះអាងថា នៅក្នុងជំនួបទ្វេភាគី «ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)»។

ចក្រភពអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុប កាលពីចុងខែធ្នូ ឆ្នាំមុន បានសម្រេចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់ប្រទេសកម្ពុជា ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមើលឃើញស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ១៩ បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៃទំនិញប្រមាណ២០% ដែលនាំចូលពីប្រទេសកម្ពុជា។

ក្នុងជំនួបទ្វេភាគីនេះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឯកភាពគ្នាលើសារសំខាន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និងបរិស្ថាន។

រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានឯកភាពលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសច្រើនថែមទៀតឱ្យធ្វើការជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។

ក្រសួងការបរទេសបានបញ្ជាក់ថា៖ «ក្នុងន័យនេះ ភាគីទាំងពីរបានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)»។

សូមបញ្ជាក់ថា លោក ដូមីនិក រ៉ាអាប់ បានមកដល់កម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌអាស៊ាន។

លោក ដូមីនិក រ៉ាអាប់ គឺជារដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេសដំបូងគេបង្អស់ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕