(ភ្នំពេញ)៖ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ហៅកាត់ថា IPAC បានសហការជាមួយក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ហៅកាត់ថា NCAC រៀបចំសិក្ខាសាលាតាមប្រព័ន្ធ Zoom ស្តីពី «ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា តាមនីតិវិធីរដ្ឋបាល និងយន្តការមជ្ឈត្តការ»។

ពិធីនេះមានការចូលរួមពីលោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិកាជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងលោកមជ្ឈត្តករ ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងវាគ្មិនកិត្តិយស លោក តូ រិត អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត ភិន សុវត្តិ មជ្ឈត្តករផ្នែកពាណិជ្ជកម្ម និងជាមេធាវីនៃការិយាល័យមេធាវី ប៊ុន និងសហការី និងអ្នកចូលរួមប្រមាណ១៩៤នាក់។

លោក សួន វិជ្ជា បានកោតសសើរ និងថ្លែងអំណរគុណ ដល់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមក្នុងការសហការរៀបចំជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រមទាំងចាត់តាំងវាគ្មិនជំនាញមកពីក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើបទបង្ហាញនាពេលនេះ។

នាឱកាសនោះដែរ លោក សួន វិជ្ជា ក៏បានចែករំលែកជាមួយលោក លោកស្រី នូវវឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ននៃវិស័យកម្មសិទិ្ធបញ្ញានៅកម្ពុជា។ បច្ចុប្បន្នកម្ពុជាចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិបន្ថែមទៀតដូច ចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ចូលជាសមាជិកនៃសន្ធិសញ្ញាទីក្រុងប៉េកាំង ស្តីពីកិច្ចការពារការសម្តែងសោតទស្សន៍ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នចូលជាសមាជិកសន្ធិសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ជាងនេះទៅទៀត ដើម្បីពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា កម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗ ដូចជា JPO, CNIPA, KIPO ជាដើម។

លោក សួន វិជ្ជា បានឱ្យដឹងថា កម្ពុជាបានអនុម័តច្បាប់កម្មសិទិ្ធបញ្ញាសំខាន់ៗ ចំនួន០៥រួចមកហើយ។ ច្បាប់ទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ច្បាប់ទាំងនេះ មានចែងពីនីតិវិធីសំខាន់ៗ ក្នុងការការពារប្រើប្រាស់ និងអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ក្នុងនោះផងដែរ ដើម្បីបំពេញចន្លោះខ្វះខាតដែលច្បាប់កម្មសិទ្ធិបញ្ញាមិនបានចែងជាក់លាក់ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធដូចជា៖ ច្បាប់ស្តីពីគយ ក៏ត្រូវយកមកអនុវត្តផងដែរ។

ក្នុងគោលបំណងពង្រឹងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការដ្ឋាន បានសហការជាមួយជំនាញការជាតិ និងជំនាញការអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ព្រាងអនុក្រឹត្យស្តីពី វិធានការរដ្ឋបាលសម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាដែលកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យនិងពិភាក្សាក្នុងក្របខណ្ឌលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។ ក្រសួងពាណិជ្ជកម្មនឹងបន្តជំរុញឱ្យសេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានអនុម័តក្នុងពេលអនាគតឆាប់ៗខាងមុខនេះ។

ប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតផងដែរ ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា អាចធ្វើឡើងតាមរយៈតុលាការ ឬអង្គភាពអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាផ្សេងៗទៀត។ ម្ចាស់សិទ្ធិត្រូវបានផ្តល់លទ្ធភាពពេញលេញក្នុងការជ្រើសរើសជម្រើសណាមួយ ដើម្បីអនុវត្តសិទ្ធិផ្តាច់មុខលើកម្មសិទ្ធិបញ្ញារបស់ខ្លួន នៅពេលដែលមានការរំលោភបំពាន។ ម្ចាស់សិទ្ធិអាចប្តឹងទៅតុលាការ ឬប្តឹងទៅអង្គភាពអនុវត្តកម្មសិទ្ធិកម្មបញ្ញា ។

អង្គភាពអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា មានដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្នុងនោះផងដែរនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការរំលោភបំពាន និងដោះស្រាវវិវាទពាក់ព័ន្ធនឹងម៉ាក អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ការកត់ត្រាសិទ្ធិផ្តាច់មុខ អាជ្ញាប័ណ្ណ និងសិទ្ធិប្រកបអាជីវកម្មជាដើម។

លោក សួន វិជ្ជា បានគូសបញ្ជាក់ កម្មសិទិ្ធបញ្ញា ដើរតួយ៉ាងសំខាន់ក្នុងការជំរុញនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ចំពោះប្រទេសកំពុងអភិវឌ្ឍ ដូចកម្ពុជា ដែលដង្ហើមសេដ្ឋកិច្ចជាតិ អាស្រ័យជាចម្បងលើសហគ្រាសធុនតូច និងមធ្យម និងការវិនិយោគផ្ទាល់ពីបរទេស។ ដើម្បីពង្រឹងកចិ្ចការពារ និងអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មរួមគ្នាពីម្ចាស់សិទ្ធិ មន្ត្រីអនុវត្តច្បាប់ និងភ្នាក់ងារអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។

លោកបានបន្ថែមទៀតថា សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង អប់រំផ្សព្វផ្សាយ និងជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពីសារៈសំខាន់របស់កម្មសិទិ្ធបញ្ញា ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា តាមរយៈយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមនីតិវិធីរដ្ឋបាល និងយន្តការមជ្ឈត្តការ។

បើតាមលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានធ្វើការកត់សម្គាល់នៅក្នុងមតិស្វាគមន៍របស់លោកស្រីថា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោមការគាំទ្រពេញទំហឹងពីក្រសួងពាណិជ្ជកម្ម និងការផ្តួចផ្តើមគំនិតពីក្រុមភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក អ្នកអនុវត្តក្នុងវិស័យប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម មេធាវី និងសាស្រ្តាចារ្យនៅក្នុងវិស័យកម្មសិទ្ធិបញ្ញា ដែលមាន លោក ពេជ អង្គ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមអាណត្តិទី១។

លោកស្រីបន្ថែមទៀតថា សមាគម មានគោលដៅលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងចូលរួមចំណែកក្នុងការអភិវឌ្ឍការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាដល់បុគ្គល ឬភាគីពាក់ព័ន្ធ ពាណិជ្ជករ សហគ្រាសនានា រួមទាំងសហគ្រាសធនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងអាណត្តិទី២នេះ លោកស្រីបានបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយអំពីវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នសំខាន់ៗដូចជា ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងពត៌មាន, គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឍមណ្ឌលជាតិនៃមជ្ឍត្តការផ្នែកពាណិជ្ជកម្ម, តុលាការ, បណ្តាមហាវិទ្យាល័យ សមាគម, ក្រុមហ៊ុន, ព្រមទាំងអង្គការអន្តរជាតិនានា។

លើសពីនេះទៅទៀត លោកស្រីប្រធានសមាគម ក៏បានគូសបញ្ជាក់ផងដែរថា មូលហេតុដែលលោកស្រីផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាអនឡាញ ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះឡើង ដោយហេតុថា ក្រសួងពាណិជ្ជកម្ម គឺជាដៃគូរសហការយ៉ាងសំខាន់មួយ របស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងជាស្ថាប័នដែលដើរតួនាទីយ៉ាងសកម្មពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា រួមទាំងការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាផងដែរ។

លោកស្រី សេង វួចហ៊ុន បានឱ្យដឹងថា ចំណែកឯមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺជាស្ថាប័នដោះស្រាយលើវិវាទពាណិជ្ជកម្ម ដែលជាយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ មានភាពរហ័ស ហើយជាពិសេសទៀតនោះគឺ វិវាទផ្នែកកម្មសិទ្ធិបញ្ញា ក៏ជាកម្មវត្ថុមួយដែលអាចយកទៅដោះស្រាយនៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មទៀតផង។ ហេតុនេះ ប្រធានបទស្តីអំពី «ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមនីតិវិធីរដ្ឋបាល និងយន្តការមជ្ឈត្តការ» នេះ នឹងផ្តល់ជាអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ការយល់ដឹងបន្ថែមដល់មេធាវី មជ្ឍត្កករ ធុរជន និស្សិត អ្នកអនុវត្តវិស័យកម្មសិទ្ធិបញ្ញា និងសាធារណជនទូទៅ។

ក្នុងនោះផងដែរ លោកមជ្ឈត្តករ ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក៏បានលើកឡើងនៅក្នុងមតិស្វាគមន៍នាព្រឹកមិញនេះថា យើងសង្កេតឃើញថា មានបណ្តាមជ្ឈមណ្ឌលមជ្ឈត្តការទាំងក្នុងតំបន់ និងអន្តរជាតិ បានអភិវឌ្ឍនីតិវិធី ដើម្បីសម្រួលដល់ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា។ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានសំរេចនូវសមិទ្ធផលជាច្រើនដូចជា ការអភិវឌ្ឍធនធានមនុស្ស វិធាន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធ្វើឱ្យមជ្ឈត្តការនៅកម្ពុជាកាន់តែមានភាពងាយស្រួល និងសមស្របដល់អ្នកប្រើប្រាស់សម្រាប់ការដោះស្រាយវិវាទកម្មសិទ្ធបញ្ញា។

ម.ជ.ម. មានសមាជិកជាមជ្ឈត្តករ ទាំងជនជាតិខ្មែរ និងបរទេស ដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ និងជំនាញក្នុងវិស័យកម្មសិទ្ធិបញ្ញា។ រីឯវិធានស្តីពី មជ្ឈត្តការថ្មីរបស់ ម.ជ.ម. ត្រូវបានតាក់តែងឡើងដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ស្របតាមលំនាំ និងឧត្តមានុវត្តល្អៗជាលក្ខណៈសកល។ ជាក់ស្តែង យើងបានអនុម័តបញ្ចូលយន្តការនីតិវិធីពន្លឿន និងមជ្ឈត្តករបន្ទាន់ ដែលនឹងជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិបញ្ញាទាំងឡាយណា ដែលស្វែងរកដំណោះស្រាយដែលមានភាពរហ័សក្នុងការការពារសិទ្ធិលើកម្មសិទ្ធិបញ្ញារបស់ខ្លួន។

លើសពីនេះទៅទៀត ម.ជ.ម. ក៏បានពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបច្ចេកវិទ្យា ដើម្បីបង្កើនគុណភាពនៃការដោះស្រាយវិវាទតាមយន្តការមជ្ឈត្តការនេះ៕