(ភ្នំពេញ)៖ ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ បានរួមគ្នាជាមួយ សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន រៀបចំសិក្ខាសាលាអនឡាញ ស្តីអំពី សេវាកម្មហិរញ្ញវត្ថុសម្រាប់ការទៅសិក្សានៅប្រទេសចិន ក្រោមប្រធានបទ «គុណសម្បត្តិ១០យ៉ាង នៃការបន្តការសិក្សានៅប្រទេសចិន»

សិក្ខាសាលាតាមអនឡាញនេះ មានការចូលរួមពីអាណាព្យាបាល និងសិស្ស-និស្សិត ប្រមាណ២០០នាក់ ពីវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា។

លោក Liu Daozhi អគ្គនាយកប្រចាំប្រទេសនៃធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ បានថ្លែងថា «ចាប់តាំងពីការកកើត នៃធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ ពួកយើងតែងតែចាត់ទុកការផ្តល់សេវាកម្ម ដល់និស្សិតអន្តរជាតិជាអាជីវកម្មដ៏សំខាន់»។

លោកបន្តថា លើសពីនេះ ចាប់តាំងពីឆ្នាំ ២០១០មក ដែលធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ បានបើកដំណើរការនៅកម្ពុជា ធនាគារនេះបាននឹងកំពុងបង្កើតផលិតផលធនាគារ យ៉ាងពេញលេញសម្រាប់សិស្ស-និស្សិត ដែលទៅសិក្សានៅក្រៅប្រទេស។ ជាពិសេស សេវាកម្មបង់ប្រាក់ និងផ្ទេរប្រាក់។ ធនាគារចិនក៏ទទួលបានជោគជ័យ ក្នុងការគាំទ្រសិស្ស-និស្សិតអន្តរជាតិ ស្របពេលដែលសិស្ស-និស្សិតជាច្រើន បានចូលរួមជាមួយធនាគារចិន បន្ទាប់ពីបញ្ចប់ការសិក្សាពីប្រទេសចិនវិញ និងមួយចំនួនបានក្លាយជាឆ្អឹងខ្នង នៃក្រុមការងារគ្រប់គ្រងនៃធនាគារយើងខ្ញុំ។

ក្នុងសិក្ខាសាលានេះផងដែរ លោកស្រី Liu Xiaowei អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ឌីជីថលសម្រាប់បុគ្គល បានធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍នៃការទៅសិក្សានៅប្រទេសចិន និងវិធីស្វែងរកកញ្ចប់ហិរញ្ញវត្ថុ និងគ្រិះស្ថានអប់រំដែលសមស្របមួយមុននឹងចាកចេញ ទៅសិក្សានៅក្រៅប្រទេស។

 លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយស សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន រួមជាមួយតំណាងនិស្សិតនៅប្រទេសចិន បានចែងរំលែកបទពិសោធន៍សិក្សាននៅប្រទេសចិន និងការដោះស្រាយបញ្ហាប្រឈម ក្នុងអំឡុងពេលនៃសិក្សានៅក្រៅប្រទេស។ ក្នុងនោះផងដែរ អ្នកចូលរួមបានលើកជាសំណួរទាក់ទងនឹងការបើកគណនីធនាគារ សេវាកម្មផ្ទេរប្រាក់ ការជ្រើសរើសគ្រិះស្ថានអប់រំ និងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ហើយចម្លើយជាដំណោះស្រាយត្រូវបានផ្តល់ ជូនយ៉ាងក្បោះក្បាយទៅកាន់អ្នកចូលរួម។

 លោកស្រី Elsie Gung ជំនួយការអគ្គនាយកប្រចាំប្រទេសនៃធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ បានចែករំលែកនូវបទពិសោធន៍ នៅក្រៅប្រទេសជាច្រើនឆ្នាំ ដែលគួរឱ្យចងចាំរបស់គាត់ ជាមួយនឹងសារៈសំខាន់នៃបទពិសោធន៍ជីវិត ដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍខ្លួន។

លោកស្រីជឿជាក់ថា ធនាគារនឹងជាដៃគូយូរអង្វែងក្នុងការផ្តល់សេវាកម្មធនាគារដ៏ទូលំទូលាយ នៅពេលនិស្សិតអន្តរជាតិចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ លោកស្រីក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យចូលរួមជាមួយធនាគារចិនក្រោយត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបន្តរួមចំណែកក្នុងវិស័យធនាការនៅក្នុងស្រុកបន្ថែមទៀត។

សិក្ខាសាលានេះ មិនត្រឹមតែបង្កើតនូវវេទិកាថ្មី សម្រាប់និស្សិតដែលសិក្សានៅប្រទេសចិននោះទេ ក៏ប៉ុន្តែបានអនុញ្ញាតឱ្យពួកគាត់បានយល់ដឹង កាន់តែច្បាស់អំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗដែលពួកគាត់នឹងត្រូវការពេលសិក្សា នៅក្រៅប្រទេស ផ្តល់ជាមូលដ្ឋានគ្រឹះដ៏ល្អ និងដែលអាចទុកចិត្តបានសម្រាប់ការរស់នៅក្រៅប្រទេស៕