(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានរបស់ខេត្ត បានបញ្ជាក់ថា អ្នកកេីតជំងឺកូវីដ១៩ នេះ ករណីទី១ ដល់ទី៣ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង។

ករណីទី៤ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២។ ករណីទី១៩ ដល់ទី៣២ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ចំពោះករណីទី៣៣ ដល់ទី៣៥ ជាអ្នកធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មករកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។

ដោយឡែក ករណីទី៣៦ ជាករណីមកពីរាជធានីភ្នំពេញ និងករណីទី៣៧ ដល់ទី៣៩ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។

នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ កុក ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៦៤នាក់។ ក្នុងនោះបានព្យាបាលជាសះស្បេីយចំនួន១៦៦នាក់ ស្លាប់៧នាក់ និង៤៩១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕