(ព្រះវិហារ)៖ ក្មេងទំនើង២នាក់ ដែលកាន់ដាវថតបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។

មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងថា ក្រោយមានការបង្ហោះរូបភាពកាន់ដាវតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុករបស់ក្មេងប្រុសទាំង២នាក់នេះលើអាខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងមានការស៊ែចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំឲ្យកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះឲ្យបាន។

ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ និងដកហូតដាវចំនួន២ដើមនិងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។

ក្មេងទំនើងទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១៖ ឈ្មោះ ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ
២៖ ឈ្មោះ.រ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។

សមត្ថកិច្ចបានហៅអនាព្យាបាលមកធានាត្រឹមត្រូវ និងធ្វើកិច្ចសន្យាច្បាស់លាស់។ សមត្ថកិច្ចក៏បានអប់រំណែនាំ និងអនុញ្ញាតឲ្យក្មេងទំនើងទាំង២នេះ វិលត្រឡប់ទៅផ្ទះវិញជាមួយការកោសក់ក្បាលជាការព្រមានផងដែរ៕